ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាប់អារម្មណ៍៦ចំណុច ក្នុងពិធីប្រកាសជាផ្លូវការ នៃការកែសម្រួល កងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
១. សូមចូលរួមអបអរសាទរ ចំពោះកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ ដែលទទួលបានការទុកចិត្ត ពីរាជរដ្ឋាភិបាល សម្រេចកែសម្រួលតម្លើង ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ នេះ គឺជាជំហានថ្មីមួយទៀត ប្រកបដោយមោទនភាព សម្រាប់កងយោធពលខេមរភូមិន្ទ, សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញ ឱ្យឃើញការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចកន្លងមក របស់យោធិនទូទាំងអង្គភាព។
២. រហូតមកដល់ពេលនេះ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រ ថ្មីមួយទៀត ដោយទទួលបានការកែសម្រួល ផ្តើមពីកងអនុសេនាធំកងទ័ពឆ័ត្រយោង ក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំ នៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូច នៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជា បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំជាកងអន្តរាគមន៍ ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាន នូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហាន របស់អង្គភាពផ្ទាល់។ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺន ជំនាញទ័ពពិសេស មិនមែនតែនៅក្នុងក្របខ័ណ្ឌ កងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាព ក៏មានភារកិច្ចបណ្តុះបណ្តាល កសាងសមត្ថភាពលើជំនាញនេះ សម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជា កងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ។
៣. សម្រាប់រយៈពេលវែង កំណែទម្រង់កងទ័ពត្រូវផ្អែក លើមូលដ្ឋានជាតិនិយម ក្នុងនោះ ទីមួយត្រូវថែរក្សា នូវស្មារតីឆន្ទៈសេ្នហាជាតិ, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជាតិ ឯទីពីរ ត្រូវធានាឱ្យបាន នូវសមត្ថភាពម្ចាស់ការលើការបំពាក់ និងការហ្វឹកហ្វឺន។ ចក្ខុវិស័យរបស់កងទ័ពជើងគោក ក្នុងការកែទម្រង់ គឺការហ្វឹកហ្វឺនត្រូវធ្វើជាជំហានៗ ជាពិសេសការហ្វឹកហ្វឺនទ័ពជំនាញ ហើយត្រូវប្រមូលផ្តុំពីលើចុះក្រោម ឱ្យសមស្របនឹងធនធានរបស់យើង ស្របនឹងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសខួប ២០ ឆ្នាំ បង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក ដែលតម្រូវឱ្យពង្រឹងការហ្វឹកហ្វឺន និងបង្កើនសមត្ថភាពលើគ្រប់ផ្នែក។
៤. ក្នុងទិសដៅនេះ ការបង្កើតមជ្ឈមណ្ឌល ហ្វឹកហ្វឺនទ័ពពិសេស គឺស្ថិតនៅក្នុងផែនការ និងចក្ខុវិស័យនៃការពង្រឹង និងកំណែទម្រង់ ដើម្បីឈានទៅភាពម្ចាស់ការ ក្នុងការធានាបាននូវនិរន្តរភាព នៃការហ្វឹកហ្វឺនលើជំនាញទ័ពពិសេស នៅក្នុងកងយោធពលខេមរភូមិន្ទ។ និរន្តរភាពនៃការផ្ទេរចំណេះជំនាញ និងសមត្ថភាព គ្មានអ្វីក្រៅពីការពង្រឹងយោធាចារ្យ និងសាលានោះទេ។ ដូច្នេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, កម្មវិធីសិក្សា និងយោធាចារ្យ គឺជាកិច្ចការសំខាន់។ ទាំងនេះ គឺការវិនិយោគរយៈពេលវែង ជាការកសាងមូលដ្ឋានជាជំហានៗ សំដៅធានានិរន្តរភាព។
៥. នៅក្នុងការងារ ជួយសង្គ្រោះគ្រោះមហន្តរាយ ការហ្វឹកហ្វឺន ក៏ជាកិច្ចការសំខាន់ផងដែរ ជាពិសេស ឆ្លងតាមបទពិសោធន៍កន្លងមក ការផ្សារភ្ជាប់ពីការហ្វឹកហ្វឺន ទៅនឹងការពិត គឺជាកត្តាចំបាច់ ដើម្បីបង្កើតនូវភាពក្លាហាន និងភាពថ្នឹកប៉ិនប្រសប់។
សូមថែ្លងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការខិតខំប្រឹងប្រែងផ្ទាល់របស់សម្តេច និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលបានខិតខំយកចិត្តទុកដាក់ ផ្តល់អាទិភាពខ្លាំង ដល់ការរៀបចំកម្លាំង, ការហ្វឹកហ្វឺនកម្លាំង និងការបំពាក់សម្ភារៈបម្រើឱ្យ ការងារជួយសង្គ្រោះគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ មួយវិនាទីណាក៏សំខាន់ សម្រាប់ការជួយ សង្គ្រោះអាយុជីវិតដែរ។ ដូច្នេះ ទន្ទឹមនឹងការការពារជាតិ ការពារសុខសន្តិភាព ដែលជាភារកិច្ចស្នូលរបស់កងទ័ព ភារកិច្ចបន្ថែមរបស់យើង គឺការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការមនុស្សធម៌។
៦.ទាំងនៅក្នុងបេសកកម្ម ថែរក្សាការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព ស្ថិរភាព, ប្រតិបត្តិការសង្គ្រោះទឹកជំនន់ អគារបាក់ គឺសុទ្ធតែជាប្រតិបត្តិការ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ តួយ៉ាងការថែរក្សាបាននូវស្ថិរភាព និងរារាំងកុំឱ្យមានសង្គ្រាម គឺដូចជាការថែរក្សាការពារបាន នូវអាយុជីវិត របស់ប្រជាពលរដ្ឋយើងរាប់មិនអស់ ដូច្នេះ សូមគ្រប់បណ្តា-ស្ថាប័នកងឯកភាព ក៏ដូចជាកងកម្លាំង ប្រដាប់អាវុធជាតិទាំងមូល សូមពង្រឹងនូវស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលបានមកដោយការលំបាក និងចូលរួមដើម្បីជួយប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋយើង៕