កំពង់ចាម៖ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ក្នុងការបំពេញបេសកកម្មរបស់អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយអភិបាលរងខេត្តកំពង់ចាម លោក អ៊ុភឿន គុណវុឌ្ឍ និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងលោក ផេន សុផល អភិបាលស្រុកបាធាយ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅទីប្រជុំជនផ្សារផ្អាវ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលក្នុងដំណាក់កាលនេះអាជ្ញាធរតម្រូវឲ្យក្រុមអាជីវករ រើអីវ៉ាន់ដាក់លក់ត្រឹមគំនូសក្រហម ដែលអាជ្ញាធរបានកំណត់ថ្មីៗកន្លងទៅនេះ ។
នៅក្នុងប្រតិបត្តិការថ្ងៃដដែលនេះផងដែរ ពេលព្រឹកក្រុមអាជ្ញាធរមានសមត្ថកិច្ចបានប្រើគ្រឿងបំពងសំលេងដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរៀបចំសណ្ដាប់ធ្នាប់ដោយរួសរើ នឹងៗប្រមូលសំភារៈលក់ដូរ ចូលត្រឹមគំនូសក្រហមដែលអាជ្ញាធរបានកំណត់ ។
លុះដល់ពេលរសៀលថ្ងៃដដែល ក្រុមអាជ្ញាធរមានសមត្ថកិច្ចនឹងចុះពិនិត្យម្ដងទៀត ហើយប្រសិនបើមានអាជីវករណាមិនអនុវត្តតាម សមត្ថកិច្ចនឹងធ្វើការរៀបចំដោយផ្ទាល់តែម្ដង ។
គួររំលឹកថា អភិបាលស្រុកបាធាយ លោកផេន សុផល ធ្លាប់បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០ តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និង កន្លែងលក់ត្រី មាន ១៥០ កន្លែង ។ ហើយកន្លែងលក់ ដែលបង្ករភាពអណាធិបតេយ្យ គឺមានជាង ១០០ កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច ។ ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០ កន្លែង ដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។
ហើយករណីនេះ បន្ទាប់ពីមានការឯកភាព នៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឲ្យអភិបាលរងខេត្តលោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារចុះប្រតិបត្តិការដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំ ជនផ្សារផ្អាវនេះឡើងវិញ។
ទន្ទឹមនឹងនេះ ទាំងប្រជាពលរដ្ឋ ក៏ដូចជាអាជីវករជាច្រើន មានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ក្នុងប្រតិបត្តិការរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ ទីប្រជុំជនផ្សារផ្អាវនេះផងដែរ ។ ដោយពួកគាត់អះអាងថា នឹងអស់កង្វល់រឿងគ្រោះថ្នាក់ ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ទីប្រជុំជនផ្សារផ្អាវ និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ នឹងចរាចររបស់រថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជារថយន្តពន្លត់អគ្គីភ័យជាដើម ៕