ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។
សម្ដេចតេជោសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា «បណ្ណសារ សារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩»។
សម្ដេចតេជោ រៀបរាប់ថា បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីក៏បានថ្លែង អំណរគុណក្រុមការងារចម្រុះដែលមានសមាសភាព មកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរ ទួលស្លែង) ដែលបានសហការចូលរួមរៀបចំ ស្រាវ ជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕
ដោយ ៖ អេង ប៊ូឆេង



