ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ បាបលើកឡើងថា ប៉ុស្តិ៍នគរបាលជា បង្អែកសម្រាប់ជំរុញ ចលនាការអនុវត្តគោល នយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ប៉ុន្តែគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនកម្មសិទ្ធ ឬសមត្ថកិច្ចផ្តាច់មុខ របស់នគរបាលទេ ព្រោះនៅមានអាជ្ញាធរ ពាក់ព័ន្ធជាច្រើនទៀត។ នេះបើយោងតាមការចេញ ចេញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីបិទកិច្ចប្រជុំពង្រឹង ប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងការអនុវត្តការងារនគរបាល និងសហគមន៍ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា «នគរបាលប៉ុស្តិ៍ គឺជាស្នូលនៃសន្តិសុខ និងជាគ្រឹះសន្តិសុខ របស់ប្រទេសជាតិទាំងមូល។ នគរបាល ប៉ុស្តិ៍ជាបង្អែក សម្រាប់ជម្រុញចលនាការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ប៉ុន្តែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព មិនមែនកម្មសិទ្ធ ឬសមត្ថកិច្ចផ្តាច់មុខរបស់ នគរបាលប៉ុស្តិ៍ទេ គឺនៅមានអាជ្ញាធរ និងអង្គពាក់ព័ន្ធជាច្រើនទៀត ពិសេសការចូលរួមរបស់ពលរដ្ឋ»។
លោកបន្ដថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មានប្រសិទ្ធភាពលុះត្រាការងារ នគរ បាល និងសហគមន៍ល្អ ហើយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ។
លោកសំណូមពរឲ្យយក ទិសដៅផ្សព្វផ្សាយឲ្យដល់នគរបាល ហើយការសំខាន់គឺការគ្រប់គ្រងសភាព ការណ៍ វិធានគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងមុខសញ្ញាបទល្មើស ពិសេសការបម្រើសេវាពលរដ្ឋ ដោយគ្រប់ផ្ទះត្រូវតែស្គាល់លេខទូរស័ព្ទនគរបាល ។
យោងតាមរបាយការណ៍ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានបង្ហាញថា នៅរាជធានី-ខេត្ត មានប៉ុស្តិ៍នគរបាលសរុប ចំនួន១៦៤៦ប៉ុស្តិ៍។ របាយការណ៍ ដដែលបានបង្ហាញទៀតថា រយៈ៦ ខែ ឆ្នាំ២០២០ នគរបាលមូលដ្ឋានទូទាំងប្រទេស បានចុះផ្សព្វផ្សាយគោលនយោបាយច្បាប់ និងវិធានការផ្សេងៗរបស់រដ្ឋចំនួន ៦៣.៨៩៨លើក មនុស្សចូលរួម ៣.៥៥២.២៩៩នាក់។ ធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ចំនួន ៣០.៦២៨លើក មនុស្សចូលរួម ១.២២៥.០២២នាក់៕ ដោយ អេង ប៊ូឆេង