ព័ត៌មានជាតិ

ព្រឹទ្ធសភាសំណូមពរ ភាគីពាក់ព័ន្ធសហការគ្នា ដោះស្រាយផលប៉ះពាល់ ការប្រើប្រាស់ថ្នាំជក់

ភ្នំពេញ ៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ ព្រឹទ្ធសភា បានសំណូមពរដល់ភាគីពាក់ព័ន្ធត្រូវតែបន្ដរួមសហការគ្នាដោះស្រាយចំពោះផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដើម្បីឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់ថយចុះ។

ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈគម្មការទី៨ ព្រឹទ្ធសភា ជាមួយ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នាពេលថ្មីៗនេះ លោកស្រី មាន សំអាន បានគាំទ្រចំពោះវិធានត្រួតពិនិត្យផលិតផលថ្នាំជក់ ទាំង៥។

លោកស្រីមានប្រសាសន៍ថា «សូមចូលគាំទ្រ និងសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែបន្ដរួម សហការជំរុញដោះស្រាយចំពោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យ អត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ បង្ការកុំឲ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើកការព្យាបាល »។

លោកស្រីក៏បានសន្យាថា នឹងបន្ដផ្ដល់នូវកិច្ចសហការ ល្អបន្ថែមទៀតជាមួយ អង្គការចលនាដើម្បីសុខភាពកម្ពុជា ក្នុងករណីបើមានសំណូមពរស្នើសុំការគាំទ្រណាមួយ ពីគណៈកម្មការ ដើម្បីជំរុញឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ។ ជាពិសេសចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ។

លោកស្រីសង្ឈឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ បញ្ហាប្រឈម សំដៅបង្ការ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីបង្ការជំងឺ មិនឆ្លងនៅកម្ពុជា ប្រកបដោយលទ្ធផលដែលបានកំណត់ទុក។

តាមរយៈការស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជារបស់អង្គកា រសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា កាអនុវត្តវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥ អាចធ្វើឲ្យកម្ពុជា សង្គ្រោះជីវិតប្រជាពលរដ្ឋប្រមាណ ៥៧ ០០០នាក់ ពីការស្លាប់មុនអាយុ និងបង្ការកុំឲ្យមានការខាតបង់ សេដ្ឋកិច្ច និងលើការព្យាបាលប្រមាណ ១ ៨៩៩ លានដុល្លា នៅឆ្នាំ២០៣៣។

គូសបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ១៥០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ដែល ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែល មានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យខាតបង់ទឹកប្រាក់ ចំនួន ៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top