ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណៈ កម្មាធិការកណ្តាលចុះជួយ ខេត្តស្វាយរៀង តំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញ ចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
អំណោយដែលត្រូវចែកជូន នាឱកាសនោះ ក្នុងមួយគ្រួសារ ទទួលបាន មុង១ កន្ទេល១ សារុង១ ក្រម៉ា១ ស្ករស១គីឡូ ទឹកដោះគោខាប់២កំប៉ុង អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ម៉ាស់១០ អាល់កុលលាងដៃ ១ដប សាប៊ូប្រូធិច ២ដុំ និងថវិកា ៥០.០០០រៀល ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់ របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សា ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារ នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជម្ងឺមួយនេះ។
ថ្វីត្បិតតែប្រទេសកម្ពុជាយើង មិនទាន់មានការឆ្លងរាលដាល តាមសហគមន៍ ប៉ុន្តែតាមការវាយតំលៃ កំរិតហានិភ័យរបស់ អង្គការសុខភាពពិភពលោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជា អាចមានលទ្ធភាពឆ្លង ក្នុងសហគមន៍ បើសិនជាយើងទាំងអស់គ្នា មិនប្រុងប្រយ័ត្ន និងមិនអនុវត្ត តាមវិធានការសុខាភិបាល ។ យើងមានជាឧទាហរណ៍ស្រាប់ ថ្មីៗនេះនៅទីក្រុងដាណាំង ប្រទេសវៀតណាម មានការឆ្លងរាលដាល តាមសហគមន៍ ក្នុង ភូមិភាគកណ្តាល បន្តទៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ ដូចខាងក្រោម ៖
ទី១ បន្តពង្រឹងត្រួតពិនិត្យ សុខភាពអ្នកដំណើរគ្រប់រូប ដែលចូលមកតាមមាត់ច្រកព្រំដែន ដោយមិនត្រូវមាន ការលើកលែងឡើយ ។
ទី២ បន្តពង្រឹងការពិនិត្យ តាមដានអ្នកត្រូវធ្វើចត្តាឡីស័ក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរដែនដី រយ:ពេល១៤ថ្ងៃ ។
ទី៣ ពង្រឹងអប់រំប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ អនាម័យ គម្លាតសង្គម គម្លាតបុគ្គល ។
ទី៤ ពង្រឹងប្រព័ន្ធតាមដានជំងឺ ក្នុងស្រុកនិងក្រុមឆ្លើយតបបន្ទាន់ ។
ទី៥ ត្រូវមានកំលាំងសមត្ថកិច្ច តាមដានត្រួតពិនិត្យការជួបជុំ ជាពិសេសក្នុងកំឡុងពេល ឈប់សំរាកសងថ្ងៃចូលឆ្នាំខ្មែរ៕