ពោធិ៍សាត់៖ ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៨៨៤ប្រ/ក ស្តីពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ និង សេចក្តីណែនាំ លេខ០០១សណន របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីហៀង ស៊ីថា ស្នងការរងផែនការងារ សេនាធិការ តំណាងអោយលោក ឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្ត និង លោកវរសេនីយ៍ឯក សោម វឿន ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ក៍មានការអញ្ជើញចូលរួម ពីសំណាក់លោកអធិការ /អធិការរងតាមបណ្តា ស្រុក/ក្រុង និង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ/សង្កាត់ ទូទាំងខេត្ត និងមន្ត្រីជំនាញ ពាក់ព័ន្ធសរុបចំនួន ១០៣ នាក់ទៀតផងដែរ។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោកស្នងការរងទាំងពីរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបានល្អប្រសើរ ជាពិសេសលើការងារ បម្រើសេវាបានរហ័ស និងប្រសិទ្ធិភាពលើការងារ ផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នាពេលកន្លងមក និងពេលបច្ចុប្បន្ន។
លោកស្នងការរងទាំងពីរ ក៍បានផ្តាំផ្ញើបន្ថែមទៅដល់ លោកអធិការ/អធិការរង តាមបណ្តាក្រុង/ស្រុកនិង មេប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវតែខិតខំ យកចិត្តទុកដាក់បន្តទៀត នៅពេលដែលការអនុវត្តន៍ នូវការផ្ទេរសមត្ថកិច្ចនេះ ទៅដល់ថ្នាក់អធិការដ្ឋាន និង ថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើយ៉ាងណាត្រូវបម្រើសេវា ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន អោយបានល្អប្រសើរ និង ប្រសិទ្ធិភាព៕


