ព័ត៌មានជាតិ

អភិបាលខេត្ត ព្រះសីហនុ ផ្ញើសារឲ្យពលរដ្ឋ ប្រយ័ត្នឥទ្ធិពល ខ្យល់ព្យុះ និងភ្លៀង

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ ចំពោះបញ្ហានៃ ឥទ្ធិពលខ្យល់ព្យុះ ក្នុងចន្លោះពេលប្រមាណ ៥ថ្ងៃ ដែលអាចបង្ក ហានិភ័យ ជាពិសេសចំពោះពលរដ្ឋទូទៅ។

ក្នុងរយៈពេលប្រមាណ៥ថ្ងៃ (ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា)នេះ នឹងមានភ្លៀង ខ្យល់ជាបន្ដបន្ទាប់ ដោយសារឥទ្ធិពលខ្យល់ព្យុះ អាចធ្វើឲ្យតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុ មាន ភ្លៀងធ្លាក់ច្រើន ប្រឈមជំនន់ទឹកភ្លៀង ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ។

ដូច្នេះលោកថា “សូមបងប្អូនប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះកុមារតូចៗ និងមនុស្សចាស់ ។ ម្យ៉ាងទៀតផ្អាក ការចេញទូកលើផ្ទៃ សមុទ្រដែលអាចងាយ មានគ្រោះថ្នាក់”។

លោកអភិបាលខេត្ត បានឲ្យពលរដ្ឋទំនាក់ទំនង មកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហម ជាបន្ទាន់នៅពេលត្រូវការជំនួយ សង្រ្គោះបន្ទាន់ចាំបាច់នានា។

ទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព ចុះតាមដាន ពិនិត្យសុខទុក្ខដោយផ្ទាល់ ពិនិត្យមើលបញ្ហា ប្រឈម តម្រូវការជាក់ស្ដែង និងការការពារដល់ពលរដ្ឋគ្រប់រូប ៕

To Top