ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ក្នុងពិធីប្រកាស សមាសភាព សមាជិកក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម អាណត្តិទី១ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ បានផ្តល់អនុសាសន៍ លើកទឹកចិត្ត ដល់មន្ត្រី ប.ស.ស. គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិចាស់ ដែលកន្លងមក បានខិតខំបំពេញការងារ បានយ៉ាងល្អប្រសើរ ។

ក្នុងឱកាសនោះ លោកមបណ្ឌិតរដ្ឋមន្រ្តី ក៏បានក្រើនរំលឹក ដល់សមាជិក ក្រុមប្រឹក្សាភិបាលថ្មី មេត្តាស្វែងយល់ និងខិតខំអនុវត្ត តាមព្រះរាជក្រឹត្យ ដែលកំណត់ ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋាន គតិយុត្តនានា ខណៈវិសាលភាពកាន់តែធំ ដែលគ្របដណ្ដប់ លើវិស័យសាធារណៈ ថែមទៀត ដើម្បីឱ្យបំពេញ ឱ្យនិរន្តរ៍ភាពរបស់ខ្លួន ឱ្យកាន់តែមានលក្ខណៈ ល្អប្រសើរជាមុន ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានថ្លែងឱ្យដឹងថា៖ ប.ស.ស. ត្រូវបានបង្កើតឡើងដំបូង ដោយអនុក្រឹត្យលេខ ១៦ អនក្រ/ប្រក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៧ មានឈ្មោះថា បេឡាជាតិ របបសន្តិសុខសង្គម ដែលដឹកនាំ ដោយក្រុមប្រឹក្សាភិបាល ចំនួន ៩រូប ហើយកន្លងទៅថ្មីៗនេះ អង្គភាពនេះត្រូវបាន បានប្តូរឈ្មោះទៅជា បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយ ក្រុមប្រឹក្សាភិបាល ចំនួន ១១រូប ជាមួយនឹងច្បាប់ ស្តីពីរបបសន្តិសុខសង្គមថ្មី បានអនុម័តឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានវិសាលភាព គ្រប់ដណ្តប់លើផ្នែក ចំនួន៤ រួមមាន៖
- ផ្នែកប្រាក់សោធន
- ផ្នែកថែទាំសុខភាព
- ផ្នែកហានិភ័យការងារ និង
- ផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គល ដែលស្ថិតក្នុង វិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។

លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ចំនួន ២ផ្នែក គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានសមាជិក សរុប្រមាណជាង ២លាននាក់ ដែលពួកគាត់មានសិទ្ធិ ក្នុងការទៅទទួលសេវា នៅតាមមូលដ្ឋាន សុខភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀតផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិទី១ ខាងលើត្រូវបានរៀបចំឡើង នៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ដោយមានវត្តមានចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល អាណត្តិទី១ រួមទាំងថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម សរុបប្រមាណជាង ៦០នាក់ ៕










