Covid-19

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជើងហោះហើរ មកពីប្រទេសហ្វីលីពីន ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ រាជដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរ ពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជើងហោះហើរជាបណ្ដោះអាសន្នពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរួមចំណែកដល់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រសួងសុខាភិបាល កត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើង យ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។ ដូច្នេះអ្នកដំណើរ មកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផង ដែរម្យ៉ាងទៀតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីន មួយដែលមានផ្ទុកអ្នកដំណើរសរុប ១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់ ១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។

ក្រសួងសុខាភិបាលបញ្ជាក់ថា “ហេតុដូចនេះដើម្បីសុវត្ថិភាព និងសុខុមាលភាពបងប្អូនប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជា ទាំងមូលគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការការពារខ្លួន ជាចាំបាច់ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩”។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស ១៧៤នាក់។ ដោយឡែកអ្នកកំពុង សម្រាកព្យាបាលមានចំនួន ៤៦នាក់៕

To Top