កំពង់ចាម ៖ យ៉ាងហោចណាស់ មានមនុស្ស៥នាក់ បានលង់ទឹកបណ្ដាល ឱ្យបាត់ខ្លួន២នាក់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះ នៅវេលាម៉ោង ១១ ថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ នៅមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឲ្យដឹងថា ក្នុងចំណោមមនុស្ស ២នាក់ ដែលបានបាត់ខ្លួននោះ មានក្មេងស្រីម្នាក់ និងមនុស្សប្រុស វ័យចំណាស់អាយុប្រមាណជា ៣០ឆ្នាំ ម្នាក់ ។
ប្រភពបញ្ជាក់ដែរថា នៅពេលកើតហេតុ គេឃើញមានមនុស្សវ័យចំណាស់អាយុជាង ៣០ឆ្នាំ ម្នាក់ និងក្មេងប្រុសស្រី ៤នាក់ បាននាំគ្នាទៅងូតទឹកទន្លេ លេងក្បែរមាត់ច្រាំង ត្រង់ចំណុចកើតហេតុ ។
លុះរំលងបានប្រមាណជា ២០នាទី ក្រោយមក ក៏បានលង់ទឹក ហើយស្រែកឆោឡោរកគេជួយ ។ ភ្លាមៗនោះ បុរសវ័យចំណាស់នោះ បានហែលទៅជួយក្មេង ប្រុសម្នាក់ តែដោយដោយឃើញក្មេងស្រីម្នាក់ទៀតបានលង់ ខ្លួនក៏បានហែលទៅជួយជាបន្តទៀត ស្រាប់តែបាត់ខ្លួនទាំង ២នាក់ តែម្ដង ។
ដោយឡែក ជាភព្វសំណាង ក្មេងប្រុស ៣នាក់ ទៀត ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរ ចុះទៅជួយ និងបានសង្គ្រោះទាន់ពេលវេលា ៕


