ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ថា មុននឹងប្រឆាំងបដិវត្តពណ៌ ត្រូវប្រឆាំងខ្លួនឯងជាមុនសិន បានសេចក្ដីថា ធ្វើល្អជាមួយប្រជាពលរដ្ឋ ទើបហៅថា អាវុធដ៏ធំបំផុត។
ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ពន្យល់ថា ពាក្យប្រឆាំងបដិវត្តពណ៌ មិនមែនយកកាំភ្លើង ទៅគំរាមកំហែងអ្នកដទៃទេ ប៉ុន្តែជាពាក្យសម្រាប់ប្រើទប់ស្កាត់ សកម្មភាពនានា ដែលធ្វើល្មើសច្បាប់ ចង់ផ្ដួលរំលំ រដ្ឋាភិបាលស្របច្បាប់ ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ដូចម្ដេចដែលហៅថា បដិវត្តពណ៌ មិនយកកាំភ្លើងទៅបាញ់ គេទេ ធ្វើចឹងខុសហើយ គឺយើងត្រូវប្រឆាំងខ្លួន យើងជាមុនសិន ចង់បានសេចក្ដីថា យើងធ្វើល្អជាមួយ ប្រជាពលរដ្ឋអាហ្នឹងហើយ ជាអាវុធដ៏ធំបំផុត»។
សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើទៅអាជ្ញាធរថា កុំមើលឃើញតែកំហុស ឬបញ្ហាអ្នកដទៃ ដោយភ្លេចមើលបញ្ហាខ្លួនឯង។សម្ដេចថា «ដូចពាក្យខ្មែរថា បើអ្នកឯងចង្អុលគេ គឺចង្អុលតែ(ម្រាម)ដៃមួយទេ តែអាម្រាមដៃ៣នេះ វាចង្អុលមកយើងវិញ»។
ជុំវិញបញ្ហាដីធ្លី នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ នៅតំបន់អន្លង់ថ្ម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ដីធ្លីនៅទីនោះ គឺប្រជាពលរដ្ឋ បាននាំគ្នារស់នៅ នឹងបង្កបង្កើនផលជាយូរឆ្នាំមកហើយ ស្រាប់តែខាងក្រសួងកសិកម្ម បានទៅឆ្វៀលដីសម្រាប់ស្ដារព្រៃឈើឡើងវិញនោះ ក៏ប៉ះពាល់ដីប្រជាពលរដ្ឋតែម្ដង។
រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា «មិនដឹងយ៉ាងម៉េចក្រសួងកសិកម្ម គាត់ទៅឆ្វៀលយកដីហ្នឹង ធ្វើជាស្ថានីយ វាប៉ះដីប្រជាជនកំពុងប្រើយកផលនោះ ដូចថា គាត់ដាំដំឡូង ដាំដំណាំផ្សេងទៀតយកផលប្រចាំរដូវរបស់គាត់ហ្នឹង ក្រសួងទៅឆ្វៀលយកដីគាត់ ទៅដាំដើមឈើ ។ នយោបាយបែបហ្នឹងវាត្រូវហើយ ។ ប៉ុន្តែយកដីប្រជាជនកំពុងអាស្រ័យផលយ៉ាងម៉េច ? ឥឡូវខ្ញុំកំពុងឲ្យពិនិត្យរឿងជាក់ស្ដែង ប៉ុន្តែយកកម្លាំងទៅចុះ ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាដាច់ខាត»។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ក្នុងនាមជាមន្ដ្រីសាធារណៈ នៅពេលបំពេញការងារ គឺត្រូវបំពេញ តាមមុខងារសាធារណៈ ។ ហើយត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ នគរបាល ។ ហើយមិនត្រូវបែងចែកប្រជាពលរដ្ឋឡើយ គណបក្សនេះ គណបក្សនោះ ត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ៕ ដោយ៖ អេង ប៊ូឆេង