ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប៊រ័ល្បឿនលឿន ចំនួន២គ្រឿង តាមស្វែងរក ជនរងគ្រោះម្នាក់ ដែលបានបាត់ខ្លួន ក្នុងសមុទ្រទឹកជ្រៅ ពេលចេញទៅនេសាទ នៅខាងក្រៅកោះរ៉ុង កាលពីយប់ថ្ងៃទី២០ សីហា ២០២០កន្លងទៅ ។
ការស្វែងរកនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ដោយមាន កងកម្លាំងសមត្ថកិច្ច និងការចូលរួម ដោយក្រុមការងារជំនាញ របស់លោកឧកញ៉ា ទៀ វិចិត្រ ផងដែរ។
ជនរងគ្រោះដែលបាត់ខ្លួន មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ ជនរងគ្រោះ បានធ្លាក់ទឹកបាត់ខ្លួន ក្នុងទឹកសមុទ្រ កាលពីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច Lat 10°27’00” N, Long 103°16’00” E ខាងត្បូងឈៀងខាងលិច ពយភ្លើងស៊ីញ៉ូ (កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។

ក្នុងហេតុការណ៍នេះដែល តាមអ្នករួមដំណើរជាមួយ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានលោតចេញពីទូក ពេលបោះយុថ្កាដាំបាយ ហើយបាត់ខ្លួនរហូតមក ។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងថាគេមិនទាន់ដឹង ពីជោគវាសនា ជនរងគ្រោះថា ស្លាប់ឬរស់នៅឡើយ ស្របពេលដែលការស្វែងរក កំពុងធ្វើយ៉ាងសកម្ម ដោយសមត្ថកិច្ច និងការចូលរួម ពីក្រុមអូប៊រ លោកឧកញ៉ា ទៀ វិចិត្រ នៅលម្ហសមុទ្រ ចាប់ពីចន្លោះកោះរ៉ុង ទៅកោះតាង រហូតទៅដល់កោះស្តេច៕






