ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ កម្ពុជា បានលើកទឹកចិត្តឲ្យ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រូវសហការគ្នាកាន់តែជិតស្និទ្ធ លើកិច្ចសម្រួល ពាណិជ្ជកម្ម វិនិយោគ និងលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីស្តារឡើងវិញ នូវទំនុកចិត្តរបស់វិស័យ ធុរកិច្ច និងអតិថិជន។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥២ កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «សូមលើកទឹកចិត្ត ឲ្យមានការសហការគ្នា ឲ្យកាន់តែជិតស្និទ្ធ លើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្ត របស់វិស័យធុរកិច្ច និងអតិថិជន»។
ឆ្លៀតឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងថា ចំពោះស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងវិធានការដ៏មានប្រសិទ្ធភាព និងមុតស្រួចដែលដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជា ពុំមានអ្នកស្លាប់ដោយសារកូវីដ-១៩ឡើយ៕
ដោយ៖ អេង ប៊ូឆេង