ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងបន្តអនុវត្តវិធានការការពារនានា ដែលក្រសួងសុខាភិបាលបានណែនាំ បើទោះការបង្កើតវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ នៅតាមបណ្តាប្រទេសមួយចំនួន។
សម្ដេចពិជ័យសេនា ទៀ បាញ់បានសរសេរ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ សីហា នេះថា” បើទោះជាដំណើរការ នៃការបង្កើតវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ នៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងបន្តអនុវត្តវិធានការការពារនានា ដែលក្រសួងសុខាភិបាលបានណែនាំ”។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន៨នាក់៕
