ព័ត៌មានជាតិ

ទោះការបោះឆ្នោត មានការទទួលស្គាល់ ក៏ដោយ ក៏គ.ជ.ប នៅតែបន្ត ធ្វើកំណែទម្រង់

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីជាការ បោះឆ្នោតកន្លងទៅ មានគេទទួលស្គាល់ក៏ដោយ ក៏គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់ ដើម្បីឲ្យការបោះឆ្នោត កាន់តែប្រសើរ ធានាសុវត្ថិភាព សន្តិភាព និងឲ្យមិនបែកបាក់ផ្ទៃក្នុង។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងលេខា ធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាលនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក បានចោទជាសំណួរទៅកាន់ អ្នកចូលរួមថា ហេតុអ្វីបានជា គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ការបោះឆ្នោត? ហេតុអ្វីបានជាប្រធាន គ.ជ.ប ចាំបាច់ត្រូវចុះទៅជួបផ្ទាល់ ជាមួយមន្ត្រីតាមបណ្តា លធ.ខប ទាំង២៥?

លោកក៏បានពន្យល់ថា ការធ្វើកំណែទម្រង់នេះ គ.ជ.ប តែងតែធ្វើជាបន្តបន្ទាប់ ព្រោះគ្មានការងារណា មួយធ្វើល្អឥតខ្ចោះនោះទេ។ ការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យសាធារណមតិ ទទួលស្គាល់ការពិតនៃការ បោះឆ្នោតនៅកម្ពុជា ហើយគេនឹងមិនអាចបដិសេដ បានជាពិសេស នឹងមិនមានការធ្វើបាតុកម្ម ពេញស្រុកទេស ដែលនាំឲ្យមានការបែកបាក់ផ្ទៃក្នុង របស់ប្រទេស។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេស មិនតិចជាង៤០ទេ ដែលមិនទាន់បានរកឃើញសុខ សន្តិភាពក្រោយពេលមានបដិវន្តន៍ពណ៌។

លោកបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាការបោះ ឆ្នោតកន្លងមក មានគេទទួលស្គាល់ហើយក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់បន្ថែមទៀត ដើម្បីឲ្យមានការបោះឆ្នោត កាន់តែប្រសើរទៅៗ ធានា បាននូវសុវត្ថិភាព សន្តិភាពរបស់ស្រុកទេសយើង ហើយវាមិនមានការបែកបាក់ផ្ទៃក្នុង វាមិនស្អប់ខ្ពើមជាតិ សាសន៍គ្នាឯង» ៕ ដោយ ៖ អេង ប៊ូឆេង

To Top