កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបានដោយជោគជ័យ ក្រោយពេលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានរៀបចំគណៈកម្មការ ដឹកនាំដោយលោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះធ្វើកិច្ចការនេះអស់រយៈពេល ៣៣ ថ្ងៃ ។
បើតាមអភិបាលស្រុកបាធាយ លោផេន សុផល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រគល់កិច្ចការថែរក្សាសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ មកឲ្យអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើកិច្ចការនេះបន្ត ។
លោក ផេន សុផល បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការនោះ ប្រជាពលរដ្ឋនៅតាមអមសង្ខាងផ្លូវ នៃទីប្រជុំជនផ្សារមានការសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណីផ្លូវទាំងសងខាងផ្លវនោះ ។
លោកអភិបាលស្រុកបាធាយបានបន្តថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបន្ត លោកនឹងរៀបចំ បង្កើតគណៈកម្ម ការ ដើម្បី ធ្វើការចំបន្តដូចជា ការថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមិនអនុញ្ញាត ឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស ដែលអាជ្ញាធរបានកំណត់។
ដោយឡែក ប្រសិនបើប្រជាពលរដ្ឋ ដែលចង់សាងសង់ ចាក់សាបឬកែសោភ័ណ ភាព មុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈ កម្មការបច្ចេកទេសមកត្រួតពិនិត្យសិន ទើបអនុញ្ញាតឲ្យពួកគាត់អនុវត្តការសាង សង់ដោយស្ម័គ្រចិត្ត ដោយមិនអនុញ្ញាត អោយសាងសង់ខ្ពស់ ទាប ជាងគ្នា ឬការ សាងសង់ខុសបទដ្ឋានបច្ចេកទេសរួមនោះទេ។