ព័ត៌មានជាតិ

៨ខែ កម្ពុជានាំចេញអង្ករ បានជាង៤៤ម៉ឺនតោន ទៅកាន់ទិសដៅ៥៩ប្រទេស

ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករ បានចំនួន ៤៤៨ ២០៣តោន មានការកើនឡើងចំនួន១០៦ ១០៨តោន (+៣១,០៤%) ច្រើនជាងបរិមាណ នាំចេញក្នុងរយ:ពេល៨ខែ ឆ្នាំ២០១៩ ដែលមានចំនួន៣៤២០៤៥តោន ។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងបន្ថែមថា ប៉ុន្តែបើប្រៀបធៀបការនាំចេញអង្ករ ក្នុងខែសីហាដូចគ្នា ឃើញនៅឆ្នាំ២០២០ មានចំនួន ២២ ១៣០តោន មានការថយចុះចំនួន ១១ ៩០២តោន (-៣៤,៩៧%) តិចជាងបរិមាណនាំចេញ នៅឆ្នាំ២០១៩ ដែលមានចំនួន ៣៤ ០៣២តោន។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២០នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ៥៩ប្រទេស។

ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ មានចំនួន១៥៩ ២៥៣តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន៥៦ ៩៦៤តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានចំនួន៣៤ ៤៦៦តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ មានចំនួន២៣ ២០១តោន ប្រទេសអូស្ត្រាលី ឈរលំដាប់ទី៥ មានចំនួន២០ ៩១៥តោន ប្រទេសហូឡង់ឈរលំដាប់ទី៦ មានចំនួន១៨ ៥៣៤តោន ប្រទេសវៀតណាម ឈរលំដាប់ទី៧ មានចំនួន១២ ៨៣៦តោន ប្រទេសអង់គ្លេសឈរលំដាប់ទី៨ មានចំនួន១១ ៣៥៦តោន ប្រទេសប្រ៊ុយណេ ឈរលំដាប់ទី៩ មានចំនួន១០ ៥០០តោន និងប្រទេសអេស្ប៉ាញលំដាប់ទី១០ មានចំនួន ១០ ១១១តោនដែល ។

ក្រសួងបន្ថែមថា បរិមាណអង្ករ នាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុប ចំនួន២៤ប្រទេស មានបរិមាណសរុបចំនួនចំនួន ១៤៩ ៨៤៨តោន (៣៣,៤៣%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ១៥៩ ២៥៣តោន (៣៥,៥៣%) ទិសដៅអាស៊ានចំនួន៦ ប្រទេស មានបរិមាណ សរុបចំនួន ៦០ ៩៣ពារតាន (១៣,៥៩%) និងទិសដៅដទៃទៀត ចំនួន២៨ប្រទេស មានបរិមាណ សរុបចំនួន ៧៨ ១៦៩តោន (១៧,៤៤%) (សូមបង្ហាញជូនក្នុងតារាងទី៣នៃឧបសម្ព័ន្ធ)។

ក្រសួងបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល៨ខែឆ្នាំ២០២០នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៧១ក្រុមហ៊ុន។ បរិមាណអង្ករ ដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗ ទាំង១០ មានរហូតដល់ ៣០៤ ៤៤៩តោន (៦៧,៩៣%) នៅពេលដែលបរិមាណ នាំចេញទៅកាន់ទិសដៅរបស់ក្រុមហ៊ុន ៦១ដទៃទៀតបានត្រឹមតែ ១៤៣ ៧៥៤តោន (៣២,៧%) (សូមបង្ហាញជូនក្នុងតារាងទី៤ នៃឧបសម្ព័ន្ធ)៕ ដោយ៖ធី លីថូ

To Top