ព័ត៌មានជាតិ

ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) កើតឡើងលើក្រុមមនុស្ស នៅក្នុងពន្ធគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគេារពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីន នាក់ បានកើតឡើង លើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃអង្គារ៍ ទី១ ខែកញ្ញានេះ ថា «ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាល របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស »។

អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រោមៈ
១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩
២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន ដាក់ឲ្យនៅបន្ទប់ ដាច់ដោយឡែកផ្សេងមួយទៀត និង
៣. អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ ដាច់ដោយឡែកផ្សេងៗគ្នា។

លោកស្រី បន្តថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាក ទទួលបានពីវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញ ថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហេីយលទ្ធផលវិភាគ មន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គល ម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួន បានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំ សុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ អះអាង បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដាន ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ ការពារកុំឲ្យមានការចម្លង ជំងឺកូវីដ-១៩ ផង និងការពារជំងឺផ្តាសាយធំ ផង ដែលជាជំងឺអាចឆ្លង ពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឬឆ្លងនៅក្នុងក្រុមគ្រួសារ ឬនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕

To Top