ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំ រដ្ឋបាល រាជធានី-ខេត្ត ត្រូវដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្ដល់សេវា ក្នុងអង្គភាពច្រក ចេញ-ចូល តែមួយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវា នៅក្នុងអង្គភាពច្រក ចេញ-ចូល តែមួយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។

យោងតាមលិខិតជម្រាបជូនដល់ អភិបាល រាជធានី-ខេត្ត ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល នៅតាមអង្គភាពច្រកចេញ-ចូល រាជធានី-ខេត្ត ស្របគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគន៍ បច្ចេកវិទ្យា គមនាគន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដលសេវានៅក្នុងអង្គភាពច្រកចេញ-ចូល តែមួយ រាជធានី-ខេត្ត។

ក្រសួងបន្ដថា កម្មវិធីនេះមានអត្ថប្រយោជន៍សម្រាប់កត់ត្រាទិន្នន័យរួមមាន ចំនួនសេវា ចំណូលសេវា និងការតាមដានអំពីដំណើរការផ្ដល់ សេវារបស់អង្គភាពច្រកចេញចូលតែមួយ។ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលអំពីរយៈ ពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួន តាមដំណាក់កាលនីមួយៗ តាមប្រព័ន្ធទូរស័ព្ទដៃផងដែរ។

ក្រសួងបន្ថែមថា បច្ចុប្បន្ន កម្មវិធីព័ត៌មានវិទ្យានេះ ត្រូវបានអភិវឌ្ឍចប់សព្វគ្រប់ និងត្រូវបានយកមកបណ្ដុះបណ្ដាលដល់ថ្នាក់ដឹកនាំអង្គភាព និងអ្នកពាក់ព័ន្ធ អំពីរបៀ់បនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យារួចរាល់ហើយ។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា «ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងការដាក់ឲ្យដំណើរការកម្មវិធីព័ត៌មានវិទ្យាខាងលើ់នៅតាមអង្គភាពច្រកចេញ -ចូលតែមួយ រាជធានី-ខេត្ត ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំ ដូចជា រដ្ឋបាលរាជធានី-ខេត្តត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាព ច្រកចេញ-ចូល តែមួយរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ»៕

To Top