ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវរួមសាមគ្គីគ្នា ប្រឆាំងដាចខាត អ្នកនយោបាយ និងជនអគតិ មួយចំនួន ដែលនៅតែបន្ត ឃោសនាបំផុស ញុះញ៉ុង លាបពណ៌ ដើមបង្កើតការ ភាន់ច្រឡំ លើរាជរដ្ឋាភិបាល ប៉ុនប៉ងបង្កចលាចល ធ្វើឲ្យបែកបាក់សាមគ្គីភាព និងឯកភាពជាតិ អុជអាល អរិយភាពជាតិសាសន៍ ធ្វើឲ្យខូចខាត ដល់ទំនាក់ទំនង ជាមួយប្រទេសជិតខាង ជាដើម។
ការលើកឡើង របស់មេបញ្ជាការកងទ័ពជើងទឹក បែបនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ សង្រោះគ្រោះមហន្តរាយ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកាំភ្លើធំ និងបន្តបើកវគ្គបំប៉ន ពង្រឹងរៀបរយ កងអន្តរាគមន៍ វគ្គយុទ្ធវិធី យុទ្ធដំណើរទ័ព ថ្នាក់វរសេនាតូត (កងអន្តរាគមន៍លេខ២.៣.៤.) នៅបញ្ជាការដ្ឋាន ការពារកោះ ឆ្នេរ ខេត្តកំពង់ស្ពឺ នៅទីបញ្ជាការដ្ឋាន ការពារកោះឆ្នេរស្រែក្លុង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងបន្តបើកវគ្គបំប៉ន ពង្រឹងរៀបរយ កងអន្តរាគមន៍ វគ្គយុទ្ធវិធី យុទ្ធដំណើរទ័ព ថ្នាក់វរសេនាតូច (កងអន្តរាគមន៍លេខ២. លេខ៣ និងលេខ៤ ) ដែលមានការចូលរួមពី មេបញ្ជាការរង កងទ័ពជើងទឹក អគ្គលេខាធិការរង សន្តិសុខលម្ហសមុទ្រ អង្គភាពពាក់ព័ន្ធសរុប ៦៦៧នាក់។
នាយឧត្ដមនាវី ទៀ វិញ បានថ្លែងនូវការកោតសរសើរចំពោះ មេបញ្ជាការការពារកោះឆ្នេរ ក៏ដូចជាមេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវិក ទូទាំងបញ្ជាការដ្ឋាន ការពារកោះឆ្នេរ ដែលរយៈពេលកន្លងមក ក៏ដូចជា បច្ចុប្បន្នក្រៅពី ភារកិច្ចចំពោះមុខ ការពារជាតិមាតុភូមិ អង្គភាពបានយកចិត្តទុក្ខដាក់ លើការងារហ្វឹកហ្វឺន បណ្ដុះបណ្ដាល ធនធានមនុស្ស អប់រំចិត្តសាស្រ្ត ធ្វើអោយនាយនាវី នាយនាវីរង ពលនាវិក ទូទាំងបញ្ជាការដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រួសារ មានការជឿជាក់ លើកការដឹកនាំ ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ លោកនាយឧត្តមនាវី ក៏បានផ្ដាំផ្ញើរដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ លើការរៀនសូត្រ ក្រេបជញ្ជក់នូវចំណេះវិជ្ជា ដែលគ្រូយោធាចារ្យ បានបង្ហាត់ បង្រៀន និងគោរពវិន័យ របស់អង្គភាព ឲ្យបានម៉ឺងម៉ាត់ ហើយម្យ៉ាងទៀត ត្រូវរួមសាមគ្គីគ្នា ប្រឆាំងដាចខាត អ្នកនយោបាយ និងជនអគតិមួយចំនួន ដែលនៅតែបន្ត ឃោសនាបំផុស ញុះញ៉ង់ លាបពណ៌ ដើមបង្កើតការភ័ន្តច្រឡំលើ រាជរដ្ឋាភិបាល ប៉ុនប៉ងបង្កចលាចល ធ្វើឲ្យបែកបាក់សាមគ្គីភាព និងឯកភាពជាតិ អុជអាល អរិយភាពជាតិសាសន៍ ធ្វើឲ្យខូចខាតដល់ទំនាក់ទំនង ជាមួយប្រទេសជិតខាងជាដើម ។
យោងតាមរបាយការណ៍ បិទវគ្គហ្វឹកហ្វឺន ដែលអាន ដោយលោក វរនាវីឯក អេម ស៊ុនធឿន នាយការិយាល័យ ហ្វឹកហ្វឺន បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានអោយដឹងថា មានរយៈពេល៩២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។
១. វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញសង្រ្គោះគ្រោះមហន្តរាយ សិក្ខាកាមចំនួន ១៧០នាក់ យោធាចារ្យ ចំនួន១០នាក់ បំរើការចំនួន០៦នាក់ សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន៤៥នាក់ សិក្ខាកាមទទួលបាន និទ្ទេសល្អបង្គួរ៨៣នាក់ សិក្ខាកាមទទួលបាន និទ្ទេសមធ្យមចំនួន៤២នាក់។
២. វគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស មានរយៈពេល៩១ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ សិក្ខាកាមចំនួន៧១នាក់ យោធាចារ្យចំនួន០៨នាក់ បំរើការចំនួន០៦នាក់ សិក្ខាកាមទទួលបាន និទ្ទេសល្អ ចំនួន២៧នាក់ សិក្ខាកាមទទួលបាន និទ្ទេសល្អបង្គួរ ចំនួន៣៥នាក់ សិក្ខាកាមទទួលបាន និទ្ទេសមធ្យមចំនួន០៦នាក់ ។
៣. វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកាំភ្លើងធំ មានរយៈពេល៩១ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ សិក្ខាកាមចំនួន ១២៨នាក់ យោធាចារ្យ ចំនួន១០នាក់ បំរើការចំនួន០៦នាក់ សិក្ខាកាមទទួលបាន និទ្ទេសល្អ ចំនួន៣៦នាក់ សិក្ខាកាមទទួលបាន និទ្ទេសល្អបង្គួរ ចំនួន៤៣នាក់ សិក្ខាកាមទទួលបាន និទ្ទេសមធ្យម ចំនួន៣១នាក់។
ខ្លឹមសារហ្វឹកហ្វឺន រួមមានដូចជា លំហាត់រៀប អប់រំចិត្តសាស្រ្ត ផែនទី សញ្ញាសំគាល់យោធា បច្ចេកទេសអាវុធថ្មើរជើង ជំនាញការពារអាកាស បច្ចេកទេសអាវុធគាំទ្រ ជំនាញយុទ្ធវិធីថ្មើរជើង យុទ្ធដំណើរទ័ព ជំនាញសើបការណ៍។
ក្នុងឱកាសនេះដែរ នាយឧត្ដមនាវី ទៀ វិញ ក៏បានពាំនាំ មកជាមួយនូវថវិកា និងសំភារៈមួយចំនួន ជាគឿងឧបភោគ បរិភោគ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន រួមមាន ប្រេងឆា៤ធុង ទឺកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ប៊ីចេង២០ គីឡូក្រាម ស្ករស៥០គីឡូ ខ្ទឹមស២០គីឡូ ខ្ទឹមក្រហម២០គីឡូ មី៤កេះធំ ម្រេច៥គីឡូ ត្រីខ៥កេស អំបិល១០០គីឡូ ទឹកក្រូច១០០កេះ អង្ករ៤០បាវ ឧបត្ថម្ភគ្រូហ្វឹកហ្វឺនចំនួន ៤លាន៦០ម៉ឺនរៀល ឧបត្ថម្ភអ្នកដាំស្លចំនួន៦០ម៉ឺនរៀល ឧបត្ថម្ភសាលាហ្វឹកហ្វឺន ការពារកោះឆ្នេរ ចំនួន២០លានរៀល ឧបត្ថម្ភកងកិត្តិយស និងត្រែទ័ព ចំនួន៥០ម៉ឺនរៀលផងដែរ៕