ខណៈដែល ប្រជាពលរដ្ឋកំពុងត្រៀម ប្រារព្ធពិធីកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការ ការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួន ដែលដាក់ចេញ ដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌ ដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុ នៃការសុំធ្វើបាតុកម្ម របស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ ឲ្យដោះលែងលោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការ បំភ្លើសមួលបង្កាច់រឿងព្រំដែននិងបញ្ហាមួយចំនួនទៀត ។
ក្រុមនេះបានហៅការចាប់ខ្លួនទាំងនោះថា ជារឿងអយុត្តិធម៌ និងជាការបំពានសិទ្ធិមនុស្ស ។ ប៉ុន្តែ តាមការពិត គឺក្រុមមនុស្សមួយក្តាប់តូច ដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចចាប់ខ្លួន នោះទេដែលជាអ្នក រំលោភច្បាប់ ជាអ្នកចង់បំផ្លាញភាពសុខសាន របស់ប្រជាពលរដ្ឋតាមរយៈការញុះញង់ឲ្យមានជម្លោះ ដែលអាចឈានដល់ភាពវឹកវរក្នុងសង្គម បង្កអរិភាពជាមួយប្រទេសជិត ខាងដែលជាឈ្នួនផ្ទុះ អោយមានជម្លោះប្រដាប់អាវុធ។
មានហេតុផលសំខាន់ៗមួយចំនួន ដូចខាងក្រោមដែលយើងត្រូវ ពិនិត្យមើលដើម្បីឆ្លុះបញ្ចាំងពីគោលបំណង ទុច្ចរិតរបស់ក្រុមជ្រុលនិយមនេះ៖
ទី១៖ រដ្ឋាភិបាលដឹកនាំ ដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីធ្វើរបងការពារផ្ទៃដីខ្មែរ ១៨១ ០៣៥ កីឡូម៉ែត្រក្រឡាឲ្យបានគង់វង្ស។ ប៉ុន្តែក្រុមជ្រុលនិយមប្រកាន់ពូជ សាន៍ដែលតាំងខ្លួន ជាអ្នកស្នេហាជាតិ ស្រឡាញ់ទឹកដី បែរជាចង់បង្កទំនាស់ ដើម្បីបង្អាក់កិច្ចការងារបោះបង្គោលព្រំដែន ទៅវិញតាមរយៈការដើរញុះញង់ថា ខ្មែរបាត់ដីទាំងដែលខ្លួនមិនយល់អំពីការងារបោះបង្គោលព្រំដែន និងមិនចេះមើលផែនទីផង។
ទី២៖ កន្លងមកថ្មីៗនេះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែលដែល មាននិន្នការប្រឆាំងរដ្ឋាភិបាល បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ៧៩% ដែលបានចូលរួមស្ទង់មតិបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើលោក រ៉ុង ឈុន និងបុគ្គលមួយចំនួននោះ គឺជារឿងត្រឹមត្រូវនិងមិនបំពានសិទ្ធិមនុស្សទេ។ មានតែ ២១% ប៉ុណ្ណោះដែលអះអាងថា ចំណាត់ការនោះបំពានសិទ្ធិមនុស្ស ។ លទ្ធផលស្ទង់មតិនេះពិតជាបានបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រ ចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំង ជាមួយជនជ្រុលនិយមមួយចំនួន ដែលចូលចិត្តបង្កព្យុះភ្លៀងនិងបំផ្លាញជាតិខ្លួនឯង។
ទី៣៖ សហគមន៍អន្តរជាតិ ដែលកំពុងប្រឆាំង កាន់តែខ្លាំងឡើងទៅនឹងការស្អប់ខ្ពើមពូជសាន៍មិនគាំទ្រ ទង្វើទាំងឡាយណា ដែលជាការញុះញង់ឲ្យមានការ រើសអើងពូជសាន៍ឡើយ ទោះជាក្នុងទម្រង់ណាមួយក៏ដោយ ។ ដូច្នេះហើយបានជាសហគមន៍អន្តរជាតិ និងបណ្តាប្រទេសជា មិត្តកម្ពុជាទាំងអស់ នៅតែកៀកស្មាជាមួយរដ្ឋាភិបាល ភ្នំពេញដើម្បីប្រយុទ្ធប្រឆាំង
កូវីដ ១៩ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសង្គមនិងដើម្បីស្តារ សេដ្ឋកិច្ចឡើងវិញក្រោយពេលកូវីដរលត់រលាយទៅនៅពេលខាងមុខ។
ទី៤៖ រដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កា ទប់ស្កាត់ការឆ្លង រាលដាលជំងឺ កូវីដ ១៩ ចូលក្នុងសហគមន៍ ។ វិធានការនានាត្រូវបានដាក់ចេញជាពិសេស ក្នុងពេលមានពិធីបុណ្យធំៗ ដូចជាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាដើមពី ព្រោះវាជាពេលវេលាដែលមនុស្សជួបជុំ គ្នាដែលងាយនឹងឆ្លងកូវីដ ១៩។
ទី៥៖ រដូវកាន់បិណ្ឌនេះគឺជា ពេលវេលាដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវការភាពស្ងប់ស្ងាត់ និងសប្បាយរីករាយ ដើម្បីភាពជ្រះថ្លាក្នុងការធ្វើបុណ្យទាន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជា ពិធីបុណ្យដ៏ធំមួយសម្រាប់ការជួបជុំគ្រួសារខ្មែរ។ មានតែពួក ទមិឡឥតសាសនាទេដែលយកឱកាសនេះទៅបង្កបញ្ហាអុកឡុក បង្កអនាធិបតេយ្យដើម្បីតែ មហិច្ឆតានយោបាយរបស់ខ្លួន។
ដូច្នេះ ការសុំធ្វើបាតុកម្មក្នុងកាលៈទេសៈបែបនេះ គឺបាន បង្ហាញពីចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែត ក្នុងការបំផ្លាញភាពសុខសានរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌផង និងប្រឆាំងជាមួយវិធានការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ផង។ អំពើបែបនេះមិនគួរត្រូវ បានអត់ឱនអោយឡើយ។
ក្នុងកាលៈទេសៈបច្ចុប្បន្ន ការរក្សាជីវិតឲ្យបានរស់រួចផុតពីកូវីដ ១៩ និងការរក្សាស្ថិរភាពសង្គម សេដ្ឋកិច្ចនិងជីវភាព ប្រជាពលរដ្ឋឲ្យរួចផុតពីការបំផ្លាញដោយសារកូវីដ ១៩ ត្រូវបានគេចាត់ទុកជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗក៏ដូចជាសម្រាប់ពលរដ្ឋម្នាក់ៗ។
ក្នុងន័យនេះ ចំណាត់ការទៅលើជនណា ដែលប៉ុនប៉ងបំផ្លាញភាព សុខសានរបស់ពលរដ្ឋ និងបំពានទៅលើវិធានការប្រឆាំងកូវីដ ១៩ ក៏ជាចំណាត់ការជាអាទិភាពមួយ ដោយចៀសមិនផុតដែរ។
ចំណាត់ការនេះពិតជាទទួល បានការគាំទ្រពីពលរដ្ឋភាគច្រើនលើសលប់ ដែលប្រាថ្នាចង់ឃើញ ប្រទេសជាតិមានសន្តិភាព, ភាព ស្ងប់សុខ និងចៀសផុតពីកូវីដ ១៩។ ការធ្វើបាតុកម្មណាមួយ សំដៅទាមទារឲ្យដោះលែងជនជ្រុល និយមទាំងនោះគឺជា ទង្វើប្រឆាំងនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរ។
ដូច្នេះ អាជ្ញាធរមិនគួរបណ្តែត បណ្តោយឲ្យជនជ្រុលនិយមមួយក្តាប់តូច ក្រឡុកសភាពការណ៍ក្នុងប្រទេស ក្នុងស្ថានភាពដ៏លំបាក នេះឡើយ។
យើងជាប្រជាពលរដ្ឋខ្មែរ សូមគាំទ្រចំណាត់ការនានា របស់អាជ្ញាធរដើម្បីការពារសុខ សន្តិភាពនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសូមថ្កោលទោស ចំពោះជនទាំងឡាយណា ដែលប៉ុនប៉ងឆ្លៀតឱកាសជាន់ពន្លិចជាតិ ខ្លួនឯងក្នុងពេល ដែលពិភពលោកកំពុង ប្រឈមមុខដោះស្រាយវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយកូវីដ ១៩។ ការធ្វើបាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿងបែបនេះ គឺជារបៀបវារៈ នយោបាយដ៏ខ្មៅងងឹត ដែលមិនត្រូវអត់ឱនអោយបានឡើយ ៕
ដោយ: អ្នកនយោបាយតុកាហ្វេ