ព័ត៌មានជាតិ

ស្វីស បន្តជួយបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ ដល់កម្ពុជា រយៈពេល ៤ឆ្នាំបន្ថែមទៀត

ភ្នំពេញ៖ លោកMarkus Buerli នាយកការិយាល័យ សហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុងស៊ុលស្វីសប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលស្វីសប្ដេជ្ញា នឹងបន្តជួយគាំទ្រលើគម្រោង អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅខេត្តភាគខាងជើង និងភាគឦសានរយៈពេល ៤ឆ្នាំបន្ថែមទៀត។

ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោកម៉ាខឺស ប័រលី (Markus Buerli)បានថ្លែងថា ឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីស នឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវ អនុវត្តលើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

លោកបន្តថា គម្រោងនេះនឹងត្រូវ អនុវត្តលើវិស័យជាច្រើន ដូចជាៈវិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

នាយកការិយាល័យរូបនេះឲ្យដឹងទៀតថា “ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី”។

ជាមួយគ្នាលោកបានសម្ដែង នូវការចាប់អារម្មណ៍នឹង ប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលកម្ពុជាសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ សក្ដានុពលទេសចរណ៍ ពិសេសគឺតំបន់អេកូទេសចរណ៍ ដែលមាននៅតាមខេត្តភាគខាងជើង និងភូមិភាគឦសាន ជាហេតុធ្វើឱ្យលោក កាន់តែស្រលាញ់ចូលចិត្ត និងចង់ចូលរួមអភិរក្ស ការពារធនធានធម្មជាតិ។

លើសពីនេះទៀតលោកថា ដើម្បីជួយការពារធនធានធម្មជាតិ ទាំងនេះឱ្យគង់វង្សបាន ត្រូវបង្កើនសក្ដានុពល ខាងវិស័យអេកូទេសចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋមូលដ្ឋាន មានចំណូលបានច្រើន ជៀសផុតពីការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ ដែលនាំទៅដល់ការវិនាសហិនហោច នូវធនធានធម្មជាតិក្នុងប្រទេស ។

លោកបន្តថា ដូច្នេះហើយទើបលោកចង់ជំរុញ ឱ្យមានការបណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញ ច្បាស់លាស់រឹងមាំ អាចបម្រើសេវាកម្មក្នុង វិស័យទេសចរណ៍បានច្រើន ។

ក្នុងឱកាសនោះលោកថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍បាននិងកំពុង រៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា ៣ដំណាក់កាល រួមមាន៖ ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញ នូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ។ ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយ ផលលំបាកនានាដែល កើតចេញពីវិបត្តិជំងឺកូវីដ១៩ ដើម្បីជួយដល់វិស័យទេសចរណ៍ ។ ឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹង វិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។

ជាមួយគ្នានោះលោកក៏បាន ស្នើរដ្ឋាភិបាលស្វីស តាមរយៈលោកម៉ាខឺស ប័រលី ឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងណាបង្កើន ការបណ្ដុះបណ្ដាលលើផ្នែកគុណភាព សេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋាន ឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹង បរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។

ជាការឆ្លើយតបលោក ម៉ាខឺស ប័រលី មានការពេញចិត្តយ៉ាងខ្លាំង ក្នុងការទទួលយកទៅពិចារណា។ លើសពីនេះទៀត ភាគីទាំងពីរក៏បានប្ដេជ្ញា នឹងជំរុញការអនុវត្តការងារខាងលើឱ្យបានខ្លាំងក្លា នាពេលខាងមុខ ពិសេសនៅក្រោយពេលវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើ ការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះ ជំនាញស្របតាមស្ដង់ដាអាស៊ាន។

សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍បានចុះ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី៕

ដោយ៖ ធី លីថូ

To Top