ស្វាយរៀង៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់លោកប្រធានមន្ទីរថ្មី ត្រូវជម្រុញប្រជាពលរដ្ឋ ដាំនូវដំណាំណាដែលមានប្រយោជន៍ ក្នុងផ្គត់ផ្គងទៅដល់ទៅផ្សារ ដើម្បីទ្រង់ជីវភាពក្នុងកំឡុងពេល នៃផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
ការថ្លែងបែបនេះនៅក្នុង ពិធីប្រកាសលោកថាច់ រតនាឱ្យចូលនិវត្តន៍ លោក សុខ សុទ្ធាវុធ ប្រកាសឲ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង។
លោក វេង សាខុន បានថ្លែងផ្តាំផ្ញើដល់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបាន ការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួល ខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់បងប្អូន ប្រជាពលរដ្ឋតាមរយៈការប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។
ទន្ទឹមនោះលោកបានក្រើនរំលឹក ឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។
ក្នុងបរិបទនៃស្ថានភាពជំងឺកូវិដ១៩ លោករដ្ឋមន្រ្តីបានផ្តល់ជា អនុសាសន៍ផ្តាំផ្ញើរនូវចំណុចសំខាន់ៗ មួយចំនួនដូចជា៖
១-ត្រូវបន្ដប្រពៃណី សហប្រតិបត្ដិការល្អជាមួយ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានា ឱ្យបានល្អប្រសើរ។
២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។
៣-ផ្ទេរបច្ចេកទេសទំនើប សមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើកកម្ពស់គុណភាពកសិផល ដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្ត កសិកម្មល្អដោយភាពវៃឆ្លាត។
៤-ត្រូវចាត់វិធានការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យ នៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យ នៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានា សុខុមាលភាពសាធារណៈ ៕