ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាសេចក្តីព្រាងច្បាប់ ដែលស្នើដោយរាជរដ្ឋាភិបាល បញ្ជូនមករដ្ឋសភា។
របៀបវារៈចំនួន៥ ដែលជាសេចក្តីព្រាងច្បាប់ ដែលស្នើដោយរាជរដ្ឋាភិបាល បញ្ជូនមករដ្ឋសភាពិនិត្យ និងពិភាក្សានោះរួមមានដូចជា៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និង៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំង៥នេះ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ពិនិត្យ ពិភាក្សារួចហើយ នឹងបញ្ជូនឱ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ៕


