ភ្នំពេញ ៖ អគ្គនាយកអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការ ជាមួយស្ថានទូតជប៉ុន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ជូនប្រពលរដ្ឋជប៉ុន ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Yoshiki Yokoyama លេខាទី១ ទទួលបន្ទុកកិច្ចការសន្តិសុខ នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការ ជាមួយស្ថានទូតជប៉ុន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រពលរដ្ឋជប៉ុន ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា និងសម្របសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋជប៉ុន ក្នុងដំណាក់កាលនៃជម្ងឺកូវីដ-១៩ នេះ»។
លោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា តាមរយ:ការជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន និងការផ្តល់ជូននូវការបណ្តុះបណ្តាល ជំនាញក្នុងវិស័យនានា ក្នុងនោះក៏មានផងដែរ ការបណ្តុះបណ្តាលជំនាញដល់មន្រ្តីអនុវត្តច្បាប់។
នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីជប៉ុន មានបំណងផ្តល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នូវម៉ាស៊ីន X-ray ចំនួន ០៥គ្រឿង ដែលមានតួនាទីស្កេនទំនិញ ឬ សម្ភារ:វេចខ្ចប់ផ្សេងៗ របស់អ្នកដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែន អន្តរជាតិសំខាន់ៗ សំដៅបង្ការ និងទប់ស្កាត់ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលអាចឈានដល់ការបង្ក ហានិភ័យផ្សេងៗជាយថាហេតុ ខណ:ដែលប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន ក្នុងឆ្នាំ២០២២ នាពេលខាងមុខ៕