ព័ត៌មានជាតិ

លោក អ៊ិត សំហេង កំណត់ឲ្យក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បញ្ចប់ការពិភាក្សា ប្រាក់ឈ្នួល ត្រឹមថ្ងៃ៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្ដី ពីការកំណត់ប្រាក់ឈ្នួលអប្បរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សា ប្រាក់ឈ្នួលត្រឹមថ្ងៃទី៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ។

ការជំរុញនេះធ្វើឡើងក្នុង កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អាណត្តិទី១ ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

នាឱកាសនោះ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួល អប្បបរមានៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អ ជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី ។

ជាក់ស្តែង រាជរដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្នុងឆ្នាំ២០១៦ និងទទួលបានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគ នៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផល នៃសិក្ខាសាលាត្រី ភាគីថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។

អគ្គលេខាធិដ្ឋាននៃ ក.ជ.ប.អ. ក៏ត្រូវរៀបចំដាក់ឱ្យដំណើរការ ដោយអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ផងដែរ។ តាមរយៈការអនុវត្តតាមយន្តការនេះ ការចរចាប្រាក់ឈ្នួលអប្បបរមា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយដំណើរការទៅយ៉ាងរលូន នឹងដែលអាចទទួលយកបាន ដោយគ្រប់ភាគី ដើម្បីជៀសបាននូវការតវ៉ា តាមផ្លូវសាធារណៈ នេះគឺជាការបង្ហាញឱ្យឃើញនូវភាពចាស់ទុំ និងយន្តការកាន់តែរឹងម៉ាំ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកម្ពុជា។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំអាណត្តិទី១ លើកទី១ ដោយពិភាក្សាលម្អិតអំពី បម្រែបម្រួលលក្ខណវិនិច្ឆ័យទាំង ៧ ចំនួន ២០លើក ដើម្បីធ្វើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០។

ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមា នៅក្នុងវិស័យ នេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង ៤.៤%។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណើរការពិភាក្សា ប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញផលិតផលចម្បង របស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះ បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជា មានការធ្លាក់ចុះ។

យ៉ាងណាក៏ដោយ លោក អ៊ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដេីម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។

អង្គប្រជុំបានឯកភាពគ្នាកំណត់យកថ្ងៃទី៩-១០ ខែកញ្ញា ជាពេលវេលាប្រជុំបញ្ចប់ចុងក្រោយសម្រាប់កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយដំឡើង ប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតនៅកម្ពុជា មានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕

To Top