ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុកការស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជ ទ្រព្យឬរបាំក្បាច់បុរាណ គឺជាការអភិរក្សកេរ្តិ៍ដំណែល សិល្បៈដ៏ពិសិដ្ឋដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅគ្រប់ជំនាន់ និងមនុស្សជាតិ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមស្រាវជ្រាវនិងចងក្រងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា ការចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាការអភិរក្ស និងរួមគ្នាថែរក្សាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋរបស់ដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងអស់ តាំងតែពីសម័យបុព្វកាលរហូតមកដល់បច្ចុប្បន្ន និងគ្រប់ជំនាន់ ។
លោកស្រីបន្តថា ស្នាដៃសិល្បៈដ៏ពិសិដ្ឋមួយនេះ បាន បញ្ជាក់យ៉ាងជាក់ច្បាស់ នូវការច្នៃប្រឌិត និងវិចិត្រកម្មដ៏ខ្ពង់ខ្ពស់អស្ចារ្យប្រកបដោយការប៉ិនប្រសព្វ ភាពវៃឆ្លាត ការតស៊ូប្រឹងប្រែង ភាពរុងរឿងជឿនលឿន និងសេចក្តីថ្លៃថ្នូរ របស់ពូជសាសន៍ខ្មែរ។
គួររំលឹកថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌ អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០០៣ តាមរយៈគុណតម្លៃយ៉ាងខ្ពង់ខ្ពស់លើផ្នែកឆ្នៃប្រឌិតដ៏ល្អឯក និងនៅលើផ្នែកអប់រំ (ទាំងផ្លូវចិត្តនិងផ្លូវកាយផងដែរ)។ ទម្រង់របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានចែកជាពីរផ្នែកធំៗគឺ របាំ (ដូចជារបាំអប្សរា ទេពមនោរម្យ) និងរបាំរឿង (របាំព្រះថោង នាងនាគ)។ នៅក្នុងនោះមានតួសំខាន់ៗ ចំនួន ៤ រួមមាន៖ តួនាង (តួស្រី) តួនាយរោង (តួប្រុស) តួយក្ស និងតួអង្គស្វា (តួសត្វ)។ ទម្រង់នេះសម្ដែងដោយសិល្បៈការិនីទាំងអស់លើកលែងតែតួស្វា៕






