ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យវាយនភណ្ឌ នឹងរៀបចំពិព័រណ៍ «អនឡាញ» តាមរយៈវេទិកាអេឡិកត្រូនិក ដែលប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម អនឡាញ នេះនឹងមានសមាជិកអ្នកនាំចេញប្រហែល ១០០ក្រុមហ៊ុន នៃក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យវាយនភណ្ឌឥណ្ឌា (SRTEPC) មកតាំងបង្ហាញនូវបច្ចេកវិទ្យាថ្មី ខ្សែចង្វាក់ផលិតកម្ម និងផលិតផលវាយនភណ្ឌចុងក្រោយបង្អស់ដែល ដូចជា អំបោះ កប្បាស កំណាត់ និងប្រភេទសាច់កំណាត់ សម្រាប់ការពារជំងឺកូវីដ-១៩ ផងដែរ»។
សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានចាត់ទុកជា វេទិកាជំនួបពាណិជ្ជកម្មតាមរយៈ អនឡាញ អ្នករៀបចំកម្មវិធីនឹងអញ្ជើញ អ្នកទិញចូលរួមប្រមាណ ២៥០ក្រុមហ៊ុន មកពី៥០ប្រទេស ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនព្រមទាំង ជាឱកាសល្អក្នុងការ ទទួលយកនូវចំណេះដឹង បច្ចេកវិទ្យាថ្មីៗ នៃវិស័យឧស្សាហកម្មវាយនភណ្ឌ តាមរយៈសន្និសីទវិដេអូ (Video Conferences)៕