ព័ត៌មានជាតិ

ប្រទះឃើញចម្លាក់ ប្រអប់ព្រះហស្ថឆ្វេង ព្រះពុទ្ធបដិមាដ៏ធំមួយ នៅខាងត្បូងប្រាសាទបាយ័ន្ត

ភ្នំពេញ៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូប ខាងឆ្វេងមួយធ្វើអំពីថ្មភក់ត្រូវ បានប្រទះឃើញនៅក្នុងព្រៃ ខាងត្បូងចម្ងាយប្រហែល ៣០០ម៉ែត្រ ពីប្រាសាទបាយ័ន្ត។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានឲ្យដឹងថា ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។

តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមា ក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំ ដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃ ចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។

ការសន្និដ្ឋានជាកាយវិការ ភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន ២អង្គដែលស្ថិតនៅជុំវិញ ប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេពនិងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការ ភូមិស្បស៌មុទ្រាដូចគ្នា។
រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនព្រះពុទ្ធសាសនា ត្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាម ទីតាំងមនុស្សរស់នៅជាច្រើន នៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយស្ថាបន័ មានសម្ថកិច្ចនគរបាលការពារ បេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួល និងដឹកយកទៅរក្សាទុកនៅ មជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុល នៅថ្ងៃអនាគត ៕

To Top