ព័ត៌មានជាតិ

បងប្អូនបង្កើត ផឹកស៊ីជាមួយគ្នាស្រវឹង បងទាញពូថៅសំពងក្បាលប្អូន ជាច្រើនពូថៅ របួសធ្ងន់

ពោធិសាត់ ៖ ជនបង្កហឹង្សាម្នាក់ ហើយត្រូវជាបងបង្កើត របស់ជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលត្រាច ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទហឹង្សាដោយចេតនា កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២០។

នាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលត្រាច លោកវរសេនីយ៍ត្រីខៀវ សុខា បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យទាំងពីរនាក់ ជាបងប្អូនបង្កើតនិងគ្នា ហើយបាននាំគ្នាផឹកស៊ី នៅនិងផ្ទះអុំរបស់ខ្លួន នៅវេលាម៉ោង១៥៖០០នាទីថ្ងៃទី ០៣ ខែ កញ្ញា ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ លុះផឹកបានមួយសន្ទុះ ក៍ស្រាប់តែមានការទាស់ពាក្យសំដី និងគ្នារហូតឈានដល់បងបង្កើត ស្ទុះទៅទាញពូថៅ វាយសំពងទៅលើប្អូនរបស់ខ្លួន ជាច្រើនពូថៅ បណ្តាលអោយសន្លប់រងរបួសធ្ងន់តែម្តង ។

លោកមេប៉ុស្តិ៍ក៍បានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចរបស់លោកបានចុះទៅឃាត់ខ្លួនជនបង្ក យកមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យមានឈ្មោះមឿន ថា អាយុ៣៦ ឆ្នាំជនជាតិខ្មែរឥស្លាម រី ឯជនរងគ្រោះមានឈ្មោះមឿន លីន អាយុ២៩ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ រស់នៅក្នុងភូមិកើតហេតុ ។

បច្ចុប្បន្ន ជនស្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចាត់ការបន្តទៅតាមនិតិវិធី ៕

To Top