ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកលើស្ត្រីរងគ្រោះ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចម្តុំផែថ្ម ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះលាង តៃទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង ភូមិវត្តទួល សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ និងទី
២/ឈ្មោះ ម៉ឹង ហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលឡូលេខ៣ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះឈ្មោះ រឿន ធឿន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១ ផ្លូវបេតុង ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកអធិការ បានបន្តថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ម៉េង ហុង បានបើកម៉ូតូម៉ាកហុងដាប៊ីត ពណ៌សខៀវ ស្លាកលេខ ភ្នំពេញ 1HF-7566 លេខតួ8099 លេខម៉ាស៊ីន8307 និងជនសង្ស័យឈ្មោះ លាង តៃទី ជិះពីក្រោយ លុះមកដល់ចំណុចម្តុំផែថ្ម ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានធ្វើសកម្មភាពឆក់ខ្សែកអង្កាំ ពីជនរងគ្រោះឈ្មោះ រឿន ធឿន កំពុងជិះម៉ូតូម្នាក់ឯងពីជើងមកត្បូង បន្ទាប់ពីធ្វើសកម្មភាពឆក់បាន សម្រេចហើយ បំរុងជិះម៉ូតូបើករត់ ក៏ត្រូវជនរងគ្រោះស្រែកចោរៗ ពេលនោះកម្លាំងសមត្ថកិច្ច ខណ្ឌប៉ុស្តិ៍ក៏បានអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ព្រមទាំងវត្ថុតាង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរ ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួន ពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុះណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕