ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេស ក្នុងវិស័យពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិកត្រូនិក

ភ្នំពេញ ៖ ថ្មីៗនេះ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចពិភាក្សានេះលោក ប៉ាន សូរស័ក្កិ បានលើកឡើង ពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣,៣ ប៉ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ប៉ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ភាគរយ។

លោកក៏បានលើកឡើងពីវឌ្ឍនភាព នៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើន បរិយាកាសធុរកិច្ច និងវិនិយោគ ឱ្យកាន់តែប្រសើរ នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ប៉ាន សូរស័ក្កិ ក៏បានរំលេចពីការចូលជាធរមាននៃច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិក បន្តជំរុញវិនិយោគិន របស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ អោយបានកាន់តែច្រើន។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីពាណិជ្ជកម្ម និងទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងសុទិដ្ឋិនិយម ក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពជាបឋមក្នុងការ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ ក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខ តាមស្ថានភាពជាក់ស្តែង ៕

To Top