ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា បានចូលរួមជាមួយ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដៃគូរអភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្ត ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ដល់ខេត្តចំនួន១០ នាថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
រថយន្តសង្គ្រោះបន្ទាន់ថ្មីៗ ដែលត្រួវបានធ្វើលទ្ធកម្ម ទាំងនេះ ជាផ្នែកមួយនៃការឆ្លើយតបបន្ទាន់ចំពោះការរាលដាល នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់គម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដែលជាហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្រ្តាលី ប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ស្ថានទូត អូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី បានមានប្រសាសន៍ថា “ជំងឺកូវីដ១៩ ប៉ះពាល់ដល់យើងទាំងអស់គ្នា។ រថយន្តសង្គ្រោះបន្ទាន់ទាំងអស់នេះ គឺជានិមិត្តរូបនៃភាពជាដៃគូ ដែលនាំមកនូវលទ្ធផលជាផ្លែផ្កា ដូចជាគម្រោងលើកកំពស់គុណភាពនិងសមធម៌សុខាភិបាល (H-EQIP) អាចធ្វើបាននៅពេល ដែលយើងធ្វើការជាមួយគ្នា តាមវិថីរួមមួយ ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងក្នុងតំបន់រួម របស់យើង” ។
ថវិកាចំនួន ៥០លានដុល្លាអូស្ត្រាលី លើគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល បានជួយប្រមូលផ្តុំគ្រឿងបរិក្ខារបន្ទាន់មួយចំនួន ដូចជា រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ ម៉ាស៊ីនជំនួយដកដង្ហើម ព្រមទាំងការគាំទ្របន្តដល់មូលដ្ឋានសុខាភិបាល ចំនួន ១.៣០០ ក្នុងប្រទេសទាំងមូល៕




