ភ្នំពេញ៖ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មី នៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញ ឲ្យកាន់តែប្រសើរថែមទៀត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍បានឲ្យដឹងថាសន្និសីទអន្តរជាតិនេះត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន ក្រោមប្រធានបទ «អ្នកជំនាញទេសចរណ៍អាស៊ាន៖ សម្របខ្លួនជាមួយនឹងទម្លាប់ថ្មី»ដោយ មានការចូលរួមពីមន្ត្រីជំនាញផ្នែកឯកជនជាពិសេសស្ថាប័នអប់រំបណ្ដុះបណ្ដាលនៃប្រទេស សមាជិកអាស៊ានទាំង ១០ ប្រមាណ ១,០០០នាក់ និងមានការចូលរួមកម្មវិធីបើកដោយលោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ហើយមន្ត្រីជំនាញក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមជាវាគ្មិន នៃកិច្ចពិភាក្សាផងដែរ។
លោកអគ្គលេខាធិការ លីម ចុកហូយ បានប្រាប់ឲ្យដឹងថា អាស៊ានមានប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍សម្រាប់សម្រួលការបម្លាស់ការងារ ដែលអ្នកបម្រីការងារ ក្នុងវិស័យទេសចរណ៍អាស៊ានទាំងអស់អាចទទួលបាននូវប្រភពឯកសារ ដើម្បីធ្វើការបណ្ដុះបណ្ដាលជំនាញតាមប្រព័ន្ធអនឡាញ ជាកម្មវិធីបណ្ដុះបណ្ដាល ជំនាញបន្ថែម (Upskilling) និងកម្មវិធីបណ្ដុះបណ្ដាលជំនាញថ្មី (Re-skilling) ដើម្បីពង្រឹងសមត្ថភាពក្នុងកំឡុងពេលកូវីដ-១៩នេះ។
លោកថា «អាស៊ានកំពុងពន្លឿនការអនុវត្តម្រោង ថ្មីនៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យកាន់តែ ប្រសើរថែមទៀត»។
ដោយវិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចចម្បង របស់អាស៊ាន ដែលត្រូវបាន រងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ការស្ដារឡើងវិញនៃ វិស័យនេះ គឺជាអាទិភាពគន្លឹះក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីធានាឲ្យបានថាវិស័យ ទេសចរណ៍នៅតែជាវិស័យ ដែលបង្កើតប្រាក់ចំណូលចូល សេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃការងារ។
ក្នុងន័យនេះ លោកអគ្គលេខាធិការបានរំលឹកពីស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីខែមិថុនាកន្លងទៅ ដោយប្រមុខដឹកនាំកំពូលបាន គូសបញ្ជាក់អំពីសារៈសំខាន់នៃការដាក់ចុះ វិធានការឆ្លងដែនមួយចំនួន ដូចជា Travel Bubble ឬ Travel Corridors ដែលជាជំហានដំបូងនៃការសម្រួលការងើបឡើងវិញនៃតំបន់។
លោកបានអះអាងថាក្នុងបរិបទបច្ចុប្បន្នវិស័យទេសចរណ៍ ត្រូវដើរតួនាទីកាន់តែបន្ទាន់ដែលមិនធ្លាប់មានពីមុនមក ក្នុងការនាំតំបន់ត្រឡប់មកដំណើរការ ជាប្រក្រតីឡើងវិញ យ៉ាងហោចណាស់តាមរយៈសម្រួលឲ្យមានការធ្វើដំណើរធុរកិច្ចចាំបាច់ មួយចំនួន ព្រមទាំងស្ដារទំនុកចិត្តអ្នកធ្វើដំណើរឡើងវិញ។
សូមរំលឹកថា សន្និសីទស្ដីពីកិច្ចព្រមព្រៀង អ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ត្រូវបានរៀបចំ២ឆ្នាំម្ដង ដែលលើកទី១ ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូនេស៊ី លើកទី២ ឆ្នាំ២០១៨ នៅកម្ពុជា។ឆ្នាំ២០១៩ អាស៊ានទទួលបានទេសចរអន្តរជាតិជាង ១៣៣លាននាក់ ក្នុងកំណើន ៧% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (ASEAN Intra-Traveler) មានប្រមាណ ៤០% បង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ ស្មើនឹង ៩.៧% នៃការងារសរុប និងចូលរួមបង្កើតចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១០% នៃ GDP ប៉ុន្តែតាមការប៉ាន់ស្មានជាបឋម ឆ្នាំ២០២០ អាចនឹងមានការធ្លាក់ចុះ នៃទេសចរអន្តរជាតិប្រមាណពី ៧០-៨០%៕