ព័ត៌មានជាតិ

វង់ល្បែងជល់មាន់ និងអាប៉ោង កំពុងធ្វើសកម្មភាព មិនខ្លាចសមត្ថកិច្ច នៅឃុំទន្លេបិទ

កំពង់ចាម ៖ វង់ល្បែងប្រជល់មាន់ និងល្បែងអាប៉ោង នៅវេលាម៉ោង១៣រសៀលថ្ងៃទី០៥ ខែកញ្ញាឆ្នាំ ២០២០ នេះ កំពុងធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅចំណុចព្រៃខ្មោច ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមិនញញើតចំពោះសមត្ថកិច្ចឡើយ ។

ប្រភពពីប្រជាពលរដ្ឋ ដែលខ្វាយខ្វល់អំពីអំពើចោរកម្ម ដែលកើតចេញអំពីល្បែង ស៊ីសងនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលា ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃ ខែ ឆ្នាំដដែល នេះថា ល្បែង បាញ់អាប៉ោង និងប្រជល់មាន់ នៅចំណុចព្រៃខ្មោច ស្ថិតក្នុងឃុំទន្លេបិទ កំពុងមានមនុស្សទៅលេងយ៉ាងច្រើន ហ៊ោកញ្ច្រៀវពេញព្រៃ ដោយពុំឃើញមានសមត្ថកិច្ចណា ចុះធ្វើការបង្ក្រាបឡើយ ។

ប្រភពដដែលបានបញ្ជាក់ថា វង់ល្បែងមួយនេះ បានធ្វើសកម្មភាពលេងនៅក្នុងឃុំទន្លេបិទ យូរមកហើយ ដោយមេវង់ល្បែងនេះ ជួនកាលបើកលេងនៅ ចំណុចឡឥដ្ឋ និងពេលខ្លះផ្លាស់ទៅចំណុចព្រៃខ្មោច និងពេលខ្លះទៀតផ្លាស់ទៅទីតាំងផ្សេង ប៉ុន្តែមិនចេញផុតពីដែនដីឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនេះទេ ។

ទន្ទឹមនឹងនេះ ប្រភពបានសំណូមពរ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមឱ្យសមត្ថកិច្ចមូលដ្ឋានស្រុកត្បូងឃ្មុំ ក៏ដូចជាលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ មានវិធានការបង្ក្រាប ទប់ស្កាត់ល្បែងស៊ីសងមួយនេះឲ្យមានប្រសិទ្ធភាពផង ជៀងវាងការកើតអំពើហិង្សា ឬក៏អំពើចោរកម្មផ្សេងៗ នៅក្នុងមូលដ្ឋានភូមិ ឃុំរបស់គាត់ ។

ទាក់ទងទៅនឹងបញ្ហាវង់ល្បែង ជល់មាន់ និងបាញ់អាប៉ោងដូចខាងលើនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សុខុន នៅព្រឹកថ្ងៃដដែលនេះ ខណៈចូលរួមជាអធិបតី សម្ពោធស្នាក់ការ គណបក្សប្រជាជន ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងថា លោកធ្លាប់បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំឲ្យ លោកជួយមានវិធានការ ដើម្បីទប់ស្កាត់វង់ល្បែងជល់មាន់ នឹងចាក់អាប៉ោង នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្មីៗកន្លងទៅនេះដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ក្រោយពេលលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីកូនប្រសាររបស់គាត់ លេងល្បែងប្រជល់មាន់ ចាក់អាប៉ោង ចាញ់អស់ថវិកាជាច្រើននោះ លោកបានជួយអន្តរាគមន៍ ប្រាប់ទៅស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីមានវិធានការបង្ក្រាប ប៉ុន្តែក្រោយ ពេលបង្ក្រាបបាន ពីរឬបី ថ្ងៃប៉ុណ្ណោះវង់ល្បែងដដែលនេះ បានធ្វើសកម្មភាពឡើងវិញដដែល ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទើបតែប៉ុន្មានថ្ងៃមុននេះ លោកបានបញ្ជាទៅកងរាជអាវុធហត្ថស្រុកតំបែរ ឲ្យធ្វើការបង្ក្រាប ទើបធ្វើការបង្ក្រាបបានសម្រេច ៕

To Top