ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំនួន១៩នាក់ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្ត នៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសម្បទា។
ថ្លែងក្នុងឱកាសជួប សំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា សាកសួរសុខទុក្ខ នឹករលឹក ដល់និវត្តន៍ជនទាំងអស់ និង សូមថ្លែងអំណរគុណចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តនិងពេលវេលាជួបជុំគ្រួសារ មកបម្រើជាតិ បម្រើប្រជាជន អស់រយៈកាលរាប់សិបឆ្នាំកន្លងមក។ ដូច្នេះពេលវេលាចូលនិវត្ដន៍នេះ គឺជាឱកាសដែលបងប្អូនបានជួបជុំនិងមើលថែរគ្រួសារម្ដងហើយ ត្រូវចេះគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារឲ្យបានហ្មត់ចត់ ថែទាំសុខភាពឲ្យបានល្អ និងសូមផ្ដល់លេខទូរសព្ទផ្ទាល់ខ្លួនមកឲ្យអង្គភាព ដើម្បីធ្វើការទំនាក់ទំនង ក្នុងនាមគ្រួសារអាវុធហត្ថ ពិសេសងាយស្រួលដល់អង្គភាព ហៅមកចូលរួមកម្មវិធីជួបជុំផ្សេងៗទៀតនាពេលខាងមុខ។
លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា និវត្តន៍ជន ដែលមានទុក្ខកង្វល់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាពត្រូវការជំនួយ ត្រូវតែទំនាក់ទំនងមកអង្គភាពជាបន្ទាន់ ក្នុងនាមលោកឧត្តមសេនីយ៍ឯក ជាមេបញ្ជាការ លោកសន្យាថា នឹងជួយដោះស្រាយ ឧបត្ថម្ភ តាមលទ្ធភាពដោយមិនបណ្តែតបណ្តោយ ឲ្យកម្លាំងក្រោមឱវាទ ក៏ដូចជា អតីតយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំណុះឲ្យអាវុធហត្ថរាជធានីភ្នំពេញ ណាម្នាក់ ដាច់បាយនោះឡើយ។
ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបានទទួលបាន មី ២កេស ភេសជ្ជ: ៣កេស ជែលលាងដៃ ១ដប ស្មើ ១លីត្រ និង ថវិកាចំនួន ១០០ដុល្លារ ជាការចូលរួម យកទៅប្រើប្រាស់ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះផងដែរ ៕