ព័ត៌មានជាតិ

បិណ្ឌទី៤ ! សម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ព្រោះជំងឺនេះឆ្លង សាហាវខ្លាំងណាស់

ភ្នំពេញ ៖ សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌទី៤» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជាជំងឺឆ្លងរាតត្បាតសា ហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា ថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែល មានតាំងពីបុរាណកាលមក។ហើយនេះជាពេលវេលាមួយ ដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិ នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីអារាមនានា។

សម្ដេចតេជោ បន្ដថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិង ទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ»។ 

សម្ដេចតេជោ បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយ សាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាស ក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នេះជាដើម។កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»៕

ដោយ  ៖ អេង ប៊ូឆេង

To Top