ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច រួមជាមួយសប្បុរសជនមួយចំនួនទៀត នៅថ្ងៃសៅរ៍ ទី ០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន ១៥២.៩៥០ដុល្លារ និង ៣៩លានរៀល ព្រមទាំងសម្ភារៈពេទ្យ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ។
ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសេីរដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម។
ក្នុងនាម ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ លោក ងួន សុភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជនដទៃទៀត ដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ ដែលនេះជាការលេីកទឹកចិត្តដ៏ថ្លៃថ្លាក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារកម្ពុជា។
បើតាមប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប លោក ងួន សុភក្ត្រា បានឲ្យដឹងថា នៅឆ្នាំ២០២០ នេះមន្ទីរពេទ្យបានទទួលថវិកាជាង៤០ ម៉ឺនដុល្លារពីសប្បុរសជននៅក្នុងស្រុកដែលបានឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ នៅក្នុងមន្ទីរពេទ្យ៕







