ភ្នំពេញ ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានលើកឡើងដោយភ្ជាប់រូបភាពលោក សម រង្ស៊ី និងអ្នកគាំទ្រអតីត មេបក្សប្រឆាំងរូបនេះថា បានរត់ទៅរស់នៅស្រុកគេហើយ ងាកមកជេរប្រមាថមើលងាយស្រុកខ្មែរថា អន់ទៅវិញ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកលោក សាម អ៊ីន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា “
មានពលរដ្ឋខ្មែរយើងមួយចំនួនបានរត់ទៅរស់នៅ បរទេស ហើយក៏ងាកមកប្រមាថមើលងាយស្រុកខ្មែរថា អន់ដូច្នេះ អាក្រក់ដូច្នោះ ជេរ ចោទ និងលាបពណ៌ខ្មែរគ្នាឯង រួចហើយសរសើរស្រុកគេថា ល្អណាស់ មានសណ្តាប់ធ្នាប់ មានប្រជាធិបតេយ្យពិតប្រាកដ ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ប្រទេសគេរីកចម្រើនជឿនលឿនល្អណាស់ ខុសពីស្រុកខ្មែរឆ្ងាយ”។
លោកថា ពួកគាត់និយាយបែបនេះ ដោយភ្លេចគិតថា ទំរាំគេកសាងស្រុកគេបានប៉ុណ្ណេះ បុព្វបុរសគេបាន បូជាសាច់ស្រស់ឈាមស្រស់ និងធ្វើការលះបង់ជាច្រើន មិនតិចជាង ១ទៅ២ជំនាន់ទេ។
លោកលើកជាឧទាហរណ៍ថា ក្នុងការកសាងសហរដ្ឋអាមេរិក បិតាស្ថាបនិកអាមេរិកនិងពលរដ្ឋអាមេរិកបានពលីជីវិត ដើម្បីរំដោះប្រទេសចេញពីអាណានិគមអង់គ្លេសនៅឆ្នាំ១៧៧៦។ លោក George Washington បានលះបង់ភាពអាត្មានិយម ដោយ មិនព្រមក្លាយជាស្តេច ឬប្រធានាធិបតីមួយជីវិត សុខចិត្តកាន់តំណែងប្រធានាធិបតីត្រឹម២អាណត្តិ ដើម្បីផ្តល់គំរូក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អមួយ ទុកឲ្យអ្នកជំនាន់ក្រោយរបស់គាត់។
ចំណែកលោកប្រធានាធិបតី Abraham Lincoln បានលប់បំបាត់ភាពជាទាសករសម្រាប់ពលរដ្ឋអាមេរិកស្បែកខ្មៅ ហើយត្រូវគេធ្វើឃាតនៅឆ្នាំ១៨៦៥។
លោកសាម អ៊ីន ផ្តាំផ្ញើថា បើលោកអ្នកចង់ឲ្យជាតិខ្មែររុងរឿងថ្លៃថ្នូរ ត្រូវបញ្ឈប់ការជេរ ការចោទ ការលាបពណ៌ខ្មែរគ្នាឯង និងការចាប់គ្នាដាក់គុក ហើយងាកមកគិតថា តើត្រូវរួមចំណែកយ៉ាងម៉េចក្នុងការកសាងនិងការពារជាតិខ្មែរឲ្យបានខ្លាំង ។ ក្នុងចូលរួមកសាង ឬធ្វើការរិះគន់បែបស្ថាបនា ជាមួយភាពថ្លៃថ្នូរ ចៀស វាងធ្វើឲ្យខ្មែរបែកបាក់និងទន់ខ្សោយ បណ្តោយឲ្យបរទេសមើលងាយនិងឈ្លានពាន៕