ព័ត៌មានជាតិ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី« ចំណាត់ការផ្លូវច្បាប់ ចំពោះជនជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ»

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ចំណាត់ការផ្លូវច្បាប់ ចំពោះជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ។

រហូតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ ជាមួយប្រទេសជិតខាងកម្ពុជា បានច្រើនរួចមកហើយ ក្នុងស្មារតីធានា ឱ្យបានជាដាច់ខាតថា បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងមិនបាត់បង់ឡើយ សូម្បីតែមួយមីល្លីម៉ែត្រទៅឱ្យបរទេស។

ការងារបោះបង្គោលព្រំដែនកំណត់ព្រំសីមារបស់ប្រទេសត្រូវបានធ្វើឡើងដោយហ្មត់ចត់ ច្បាស់លាស់ ត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងពិសេសជាងនោះទៅទៀត នីតិវិធីនៃការកំណត់ដែនសីមា និងបង្គោលព្រំដែនការពារបានយ៉ាងត្រឹមត្រូវនូវអធិបតេយ្យដែនដីជាតិ។

នៅក្នុងវីដេអូនេះ ក៏បានបញ្ជាក់ផងដែរថា បើទោះបីជារាជរដ្ឋាភិបាល ខិតខំធ្វើកិច្ចការព្រំដែនដ៏ត្រឹមត្រូវ ច្បាស់លាស់យ៉ាងនេះក្តី ក៏នៅតែមានក្រុមជ្រុលនិយម មួយក្រុមដែលតាំងខ្លួន ជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់ទឹកដី បានមួលបង្កាច់ការពិត ដើម្បីបំភាន់សាធារណមតិ អំពីកិច្ចការព្រំដែន ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដោយគ្មានភស្តុតាងអ្វីទាំងអស់ មកបង្ហាញ។ ជាក់ស្តែងលោក រ៉ុង ឈុន ក្តី លោក សួង សោភ័ណ ក្តី ដែលចេញមុខមកនិយាយរឿងព្រំដែន គឺជាការមួលបង្កាច់សុទ្ធសាធ ដើម្បីញុះញង់ឲ្យពលរដ្ឋខឹងសម្បា ជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សូមទស្សនាវីដេអូផ្លូវការ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

To Top