ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានសម្តែងការមិនអស់ចិត្ត និងកំពុងតែឆ្ងល់ចំពោះ អាមេរិក ដែលបានវាយតម្លៃ ដោយដាក់ចំណាត់ថ្នាក់លេខ២ ដល់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស ។
លោកស្រីបានចាត់ទុក ករណីនេះថា ជារឿងអយុត្តិធម៌បំផុតសម្រាប់កម្ពុជា។
កម្ពុជាត្រូវបានអាមេរិក ចេញរបាយការណ៍វាយតម្លៃ ឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ទាក់ទងនិងអំពើជួញដូរមនុស្ស ។ ដោយអាមេរិកលើកឡើងថា មកពីកម្ពុជាមានភាពចន្លោះ ប្រហោងក្នុងការទប់ស្កាត់ និងបង្រ្កាប។
ក្រោយបញ្ចប់សិក្ខា សាលាថ្នាក់ជាតិស្តីពី កិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និងការធ្វើទេសសន្តប្រវេសន៍ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានប្រាប់ក្រុមអ្នក សារព័ត៌មានថា របាយការណ៍របស់អាមេរិកនេះ ធ្វើឡើងមានលក្ខណៈលំអៀង ហើយពុំដែលបានសួរដល់កម្ពុជាមុន នឹងចេញរបាយការណ៍ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាប និងទប់ស្កាត់ការជួញដូរមនុស្សជាបន្តបន្ទាប់។
លោកស្រីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស ហើយរបាយការណ៍ដែលអាមេរិកបានដាក់ឲ្យកម្ពុជានេះ គឺមិនដឹងបានមកពីខាងណាទេ ខណៈ របាយការណ៍រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យអាមេរិកហើយ បែរជាចោទបែបនេះទៀត។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា «ខ្ញុំគិតថា ឆ្នាំក្រោយតទៅទៀតនឹងមានការយោគយល់គ្នាកាន់ តែច្រើន ដោយសារយើង ចង់ឲ្យភាគី សហរដ្ឋអាមេរិក គាត់ធ្វើការសហការជាមួយ នឹងរាជរដ្ឋាភិបាលឲ្យបានល្អ ជៀសជាងកាល ដែលគាត់ស្ដាប់តាមប្រព័ន្ធផ្ដល់ព័ត៌មាន ឲ្យគាត់ផ្សេងៗ ដែលមិនមែនជាអ្នកអនុវត្តផ្ទាល់។ ការវាយតម្លៃនេះ ធ្វើឲ្យយើងមិនសប្បាយចិត្ត ។ ទោះបីយ៉ាងណាយើងនៅតែប្រឹងប្រែង ដើម្បីប្រទេសជាតិយើង»៕ ដោយ អេង ប៊ូឆេង