ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួន មេដឹកនាំធ្វើបាតុកម្ម ខុសច្បាប់ ៤អង្គ/ នាក់

ភ្នំពេញ ៖ ក្រុមមេដឹកនាំ ធ្វើបាតុកម្មខុសច្បាប់ ចំនួន ៤អង្គ/នាក់ ដែលទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាបន្តបន្ទាប់នៅរាជធានី ភ្នំពេញ និងនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ របស់វិទ្យុបាយ័ន។

ក្រោយការចាប់ខ្លួន ក៏បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការញុះញង់ បង្កភាពវឹកវរដល់សន្តិសុខសង្គម។

ការចាប់ខ្លួននេះ បន្ទាប់ពីពួកគេបានប្រកាសធ្វើបាតុកម្ម នៅថ្ងៃ៧ កញ្ញា នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារតវ៉ាដោះលែងលោក រ៉ុង ឈុន និងរកយុត្តិធម៌សង្គម ខណៈរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចចាប់ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ មនុស្សចំនួន ៤ ទី១. ឈ្មោះ គង់ សំអាន ចាប់នៅខេត្តត្បូងឃ្មុំ ទី២. ឈ្មោះ មាន ព្រហ្មមុនី ប្រធានសមាគមសម្ព័ន្ធ និស្សិតបញ្ញាវន្តខ្មែរ ។ ៣. ឈ្មោះ កើត សារ៉ាយ និងទី៤. ឈ្មោះ ថា ឡានី ។

លោកបន្តថា មនុស្សទាំង៤នាក់នេះ គឺជាប់ចោទពីបទញុះញង់ បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ហើយបានបញ្ជូនខ្លួន ទៅតុលាការ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រម ធ្វើការសាកសួរតាមនីតិវិធី ៕

To Top