ភ្នំពេញ៖ សាលារៀនមួយចំនួននៅកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងនោះ ដើម្បីឲ្យក្រុមសិស្សបានយល់ កាន់តែច្បាស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យនៅសាលាមួយចំនួនផងដែរ ដើម្បីអប់រំណែនាំបន្ថែទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួង។
យោងតាមការណែនាំ របស់ក្រសួងអប់រំបានកំណត់ ឲ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សា ប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាព យ៉ាងហោចណាស់ ២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខកាត់បន្ថយ ការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋ អនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ខេត្តចំនួន ៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតបើកដំណើរការ គ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕








