ព័ត៌មានជាតិ

ធ្វើអ្វីក៏ដោយ ត្រូវមានមេត្តាធម៌ និងគុណធម៌ ក្នុងខ្លួន

ភ្នំពេញ៖  ថ្ងៃទី៧ កញ្ញា នេះតាមពិតទៅជាថ្ងៃ ដែលមនុស្ស១៤នាក់ (មានកុមារតូចៗ៨នាក់ផងដែរ) ត្រូវរស់នៅ អត់ជម្រក ដោយសារចាញ់ក្តីជីដូន និងមីងបង្កើតក្រោមសាលក្រមស្ថាពរតុលាការខេត្តកណ្តាល រវាង លោកយាយ ស៊ុយ ផូ និងចៅ ប៊ូ ស្រីទូច,ប៊ូ ស្រីម៉ៅ, ប៊ូ រ៉ាឌី , ប៊ូ រ៉ាវីដ ។ នេះបើតាមការកត់សម្គាល់របស់លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ករណីនេះត្រូវបានអនុវត្ត២ដង រួចមកហើយ ប៉ុន្តែធ្វើទៅអត់បាន ដោយសារភាគីចៅៗទាំង៤គ្រួសារគ្មានជម្រករស់នៅ។ ដូច្នេះហើយ នៅថ្ងៃទី ៧ កញ្ញានេះ គឺដីការអនុវត្តន៍ដោយបង្ខំអោយចុះចេញពីដីនិងផ្ទះតែម្តង។

ពិតជាមហាសំណាងខ្លាំងណាស់ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ខ្ញុំបាទ និងលោកអភិបាលខេត្តកណ្តាល អោយចុះពិនិត្យដោះស្រាយ ជាបន្ទាន់ក្រៅប្រព័ន្ធតុលាការ។

ក្រោយពីបានដឹងអំពីដើមចមនៃសាច់រឿង គឺលោកយាយ ស៊ុយ ផូ មានការអាក់អន់ស្រពន់ចិត្តនឹងចៅៗដែលមិនស្គាល់ចាស់ទុំ មើលងាយគាត់ជាជីដូន ទើបឈានទៅដល់ការប្តឹងផ្តល់គ្នា ដោយលោកយាយប្តឹងទារយកដីទំហំ (១៣មx ២០ម) ពីចៅៗទាំង៤ ដែលពួកគេបានរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហើយ (មានលិខិតប្រគល់សិទ្ធិអោយកាន់កាប់ជាកម្មសិទ្ធិផងដែរ)។

ប៉ុន្តែក្រោយពីចៅៗទាំង៤ បានសុំខមាទោសពីលោកយាយ ស៊ុយ ផូ ហើយ គឺលោកយាយបានអត់ឱនអោយពួកគេ ដោយអោយចៅៗទាំង៤នាក់ (រួមទាំងចៅទួតសរុបទាំងអស់ ១៥ នាក់) បានបន្តរស់នៅស្របច្បាប់ក្នុងផ្ទះលើដីនេះ ដោយលោកយាយយល់ព្រមទទួលថវិកា ៣០.០០០ ដុល្លារ ដើម្បីបញ្ចប់វិវាទទាំងស្រុង។

ប៉ុន្តែដោយសារគ្រួសារទាំង៤ ក្រីក្រខ្លាំង គ្មានលទ្ធភាពសូម្បីតែបន្តិច ទើបសម្តេចតេជោនាយករដ្ឋមន្រ្តី បានបរិច្ចាគថវិកាចំនួនខាងលើ ជូនទៅលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងទាំងស្រុង កាលពីម្សិលមិញថ្ងៃទី ៦ ខែ កញ្ញា នៅក្រោមការសម្របសម្រួលដែលមានរូបខ្ញុំ និង លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ ចូលរួមជាមួយអាជ្ញាធរខេត្តជាច្រើនរូប។

ចៅៗទាំង៤គ្រួសារ មានសេចក្តីរំភើបរីករាយក្រៃលែង ចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ជាមួយនឹងដំណោះស្រាយឈ្នះឈ្នះ ដែលបានផ្តល់ក្តីសង្ឃឹមក្នុងជីវិតពួកគេឡើងវិញ។

គ្រួសារទាំងមូល បានគោរពអរគុណសម្តេចទាំងទ្វេ យ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តអាណិតស្រឡាញ់ និងព្រហ្មវិហាធម៍មិនអាចកាត់ថ្លៃបាន ដែលសម្តេចបានលះបង់ជួយជីវិតពួកគេអោយបានរស់ឡើងវិញ។

ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដ៏កក់ក្តៅ និងជាទីកន្លែងដែលផ្តល់យុត្តិធម៍ ដល់ពលរដ្ឋដើម្បីបានរស់នៅ សុខសប្បាយក្រោមម្លប់សន្តិភាព។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេកផ្លូវការ Duong Dara)

To Top