កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញ ចុះពិនិត្យមើលសិស្សានុសិស្ស នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម និងផ្ដល់អំណោយ ជាសម្ភារៈ សម្រាប់ការពារជំងឺឆ្លងកូវីដ១៩ គ្រប់ទាំង៦ វិទ្យាល័យក្នុងក្រុងកំពង់ចាម ។
លោកអភិបាលខេត្ត បានថ្លែងថា ក្នុងការអនុញ្ញាត ឲ្យសិស្សចូលរៀន ក្នុងដំណាក់កាលទី២ មានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំយុវជននិងកីឡា នាពេលនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវគិតគូរ អំពីបញ្ហាសុខភាពទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពោល គឺពេលមកបង្រៀនអ្នកគ្រូ លោកគ្រូ និងសិស្ស ត្រូវអនុវត្តពាក់ម៉ាសការពារទាំងអស់គ្នា ហើយបើមានការខ្វះខាត សូមរាយការណ៍មកអាជ្ញាធរក្រុង ដើម្បីផ្ដល់ជូនបន្ថែម ។
លោកអភិបាលខេត្ត បានណែនាំ ដល់លោកគ្រូ អ្នកគ្រូសូមជួយរៀបចំកន្លែងអង្គុយ ឲ្យមានគម្លាតពីសិស្សម្នាក់ ទៅម្នាក់ ទៀត ចម្ងាយ ១ម៉ែត្រកន្លះ ឱ្សស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងជំរុញឲ្យសិស្សឧស្សាហ៍លាងដៃ ជាមួយអាកុល ឬសាប៊ូជាប្រចាំ មុនពេលចូលរៀន ក្នុងនោះដែរប្រសិនបើលោកគ្រូ អ្នកគ្រូឆែកមើលសុខភាពសិស្សណា មានអាការៈមិនស្រួល ប្រញាប់ទំនាក់ទំនង ទៅកាន់គ្រូពេទ្យជាបន្ទាន់ ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានជំរុញឲ្យខាងសាលា បង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសិស្ស ឲ្យបានឆាប់រហ័សដែលក្នុងនោះ តម្រូវឲ្យមានសំណាងរបស់សាលា និងអាជ្ញាធរសង្កាត់ និងក្រុមគ្រូពេទ្យ ១នាក់ផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូន នាពេលនោះមាន ១ វិទ្យាល័យព្រះសីហនុ ទទួលបានម៉ាស ១០០០ អាកុល២កាន ទី២ វិទ្យាល័យដីដុះ ទទួលបានម៉ាសចំនួន ៥០០ និងអាកុល១កានទី៣ វិទ្យាល័យសំបួរមាស ទទួលបានម៉ាស់ចំនួន៥០០ អាកុល១កាន ទី៤ វិទ្យាល័យបឹងកុក ទទួលបានម៉ាស់ នួន ៥០០ អាកុល១កាន ទី៥ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ម៉ាស់ ចំនួន ៥០០ អាកុល១កាន និងទី៦ អនុវិទ្យាល័យទួលថ្ម ទទួលបានម៉ាសចំនួន ៥០០ និងអាកុល១កានផងដែរ ៕




