ព័ត៌មានជាតិ

ក្រសួមហាផ្ទៃ ស្នើឲ្យអាជ្ញាធរ​​​ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ

ភ្នំពេញ ៖ ក្រសួមហាផ្ទៃ ស្នើឲ្យអាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវ រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរ នៅក្នុងនៅសង្គម ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាព ដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។

ក្រសួងបន្ដថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាព ដែលមានចរិកបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវិដេអូ ព្រមទាំង បានធ្វើបាតុកម្ម ដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួម ក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ។ ជាមួយគ្នានេះ ក្រសួមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់ នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងនៅសង្គម ក្នុងអំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរទាំងមូល កំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ៕

ដោយ ៖ អេង ប៊ូឆេង

To Top