ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាន(AIPA) ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ពីវិមានរដ្ឋសភា។
បន្ទាប់ពីបើកជាផ្លូវការកិច្ចប្រជុំរួច សម្តេចក៏នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានោង ដែរ ជាមួយថ្នាក់ដឹកនាំសភាដែលជាសមាជិកAIPA។
មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្ត AIPA ដែលការរៀបចំមហាសន្នបាតធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសជាសមាជិក ដូចជា ប្រ៊ុយណេ ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
ទូរទស្សន៍ជាតិកម្ពុជា និងទំព័រ Facebook ផ្ទាល់របស់សម្តេចអហេង សំរិន នឹងធ្វើការ Live ពិធីបើក មហាសន្និបាតអន្តរសភាអាស៊ាននាព្រឹកស្អែកនេះ ផងដែរ៕