ព័ត៌មានជាតិ

បិណ្ឌ៦ ! សម្ដេចតេជោ បន្ដអំពាវនាវឲ្យអាជ្ញាធរ បង្កើនការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនពលរដ្ឋ

ភ្នំពេញ ៖ «បិណ្ឌ៦» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបន្ដអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនប្រជាពលរដ្ឋ។

សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

សម្ដេចតេជោ បន្ដថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

សម្ដេចតេជោ មានប្រសាសន៍ថា “សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ”

ជាមួយគ្នានេះ សម្ដេចតេជោ បន្តដាស់តឿនឲ្យប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផងដែរ៕

To Top