ព័ត៌មានជាតិ

អត់លុយបង់រំលោះថ្លៃទិញម៉ូតូ ដឹកយាយចេញពីវត្ត ប្លន់យកលុយ

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ទៅលើជីដូនចាស់របស់ខ្លួន ដែលរស់នៅសុំសីល នៅក្នុងវត្តពោធិ៍សុទស្សន៍ ក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

បើតាមរបាយការណ៍ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា នៅព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ ជនសង្ស័យឈ្មោះសឿន ចាន់ រិទ្ធ ហៅ ងាំ ភេទប្រុសអាយុ ២៤ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ បានយកម៉ូតូទៅល្បួងយាយ ដឹកចេញពីវត្តពោធិ៍សុទស្សន៍ កុហក់ជីដូនថា ទៅបុណ្យនៅវត្តបាកាន លុះដឹកម៉ូតូ ឌុបជីដូនដល់ចំនុចស្ងាត់ តាមខ្នងប្រឡាយ ក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ជនសង្ស័យក៏បានឈប់ម៉ូតូ ហើយវាយជីដូនរបស់ខ្លួន១ដំបង រួចច្របាច់ក ហើយក៏រុញជីដូនញាត់ចូលក្នុងព្រៃ ស្មានតែជីដូនស្លាប់ ជនសង្ស័យក៏បាន លួចយកលុយជីដូនអស់ចំនួន ៨០ ម៉ឺនរៀល មាស ៣ ជី និងទូរស័ព្ទ ១ គ្រឿង ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់វេលារសៀលថ្ងៃដដែល លោកមេភូមិស្នាលទោល ក៏ប្រទះឃើញលោកយាយដេកសន្លប់ក្នុងព្រៃរបោះ ក៏យកលោកយាយមកមណ្ឌលសុខភាព ដើម្បីព្យាបាល ពេលលោកយាយដឹងខ្លួន លោកយាយរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច អោយចាប់ខ្លួនចៅរបស់គាត់ នៅព្រឹកថ្ងៃទី ៧ ខែ កញ្ញានេះតែម្តង។

របាយការណ៍ដដែល ក៏បានបន្តអោយដឹងទៀតថា តាមការសួរចម្លើយ របស់សមត្ថកិច្ចនគរបាលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព វាយ១ដំបង និង ច្របាច់កជីដូនរបស់ខ្លួន ដើម្បីលួចយកលុយរបស់ជីដូនពិតប្រាកដមែន ដោយសារអត់លុយ យកទៅបង់ថ្លៃទិញម៉ូតូបង់រំលោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

To Top